ការដំឡើងសំឡេងប្រឆាំងលោកខាងលិច ចិន និងរុស្ស៊ី
អាហ្វ្រិកខាងត្បូង៖ នៅប្រទេសអ្រាហ្វិកខាងត្បូងបានបិទបញ្ចប់ដោយប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានអំពាវនាវឱ្យមានការពង្រីកសមាជិកដើម្បីកសាងសណ្តាប់ធ្នាប់អន្តរជាតិឱ្យកាន់តែ «ត្រឹមត្រូវ និងប្រកបដោយសមធម៌» ខណៈប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ឱ្យប្រីកស៍ដើរតួជាពាណិជ្ជកម្មតំណាងភាគច្រើននៅក្នុងសកលលោក នៅក្នុងកិច្ចប្រជុំកំពូលលើកទី១៥ នៃក្រុមប្រទេសប្រីកស៍ (BRICS) ។
លោកស៊ី បានបញ្ជាក់នៅក្នុងសុន្ទរកថារបស់លោកដោយទទូចថា«អនុត្តរភាពគ្មាននៅក្នុង DNA របស់ចិននោះទេ»យោងតាមការដកស្រង់របស់សារព័ត៌មាន AL JAZEERA ។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងសុន្ទរកថាមួយ ដែលអានជំនួសដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao ក្នុងវេទិកាធុរកិច្ចប្រ៊ីកស៍នៃកិច្ចប្រជុំកំពូលប្រ៊ីកស៍ ដែលចាប់ផ្ដើមកាលពីថ្ងៃអង្គារ នាទីក្រុងចូហានណេសប៊ឺគ នៃប្រទេសអាហ្រ្វិកខាងត្បូង ខណៈលោក ស៊ីបានអវត្តមានក្នុងវេទិកានោះ។
យ៉ាងណាមិញ ក្នុងសុន្ទរកថាដែលអានដោយលោក Wang លោក ស៊ី បានថ្លែងថា ប្រទេសចិនគ្មានបំណងចង់ចូលរួមក្នុងការប្រកួតប្រជែងអំណាចដ៏អស្ចារ្យ ឬបង្កើតប្លុកដើម្បីប្រឈមមុខដាក់គ្នានោះទេ។
លោកបន្ត៖«ប្រទេសចិនឈរយ៉ាងរឹងមាំលើផ្នែកត្រឹមត្រូវនៃប្រវត្តិសាស្ត្រនិងជឿថា ហេតុផលត្រឹមត្រូវមួយគួរតែមានដើម្បីផលប្រយោជន៍រួម»។
មេដឹកនាំចិនដដែលនិយាយថា ប្រ៊ីកស៍នឹងបន្តរីកចម្រើន ទោះបីមានឧបសគ្គយ៉ាងណាក៏ដោយ។ លោកបន្ថែមថា៖ «ពេលនេះ ការផ្លាស់ប្តូរនៅលើពិភពលោក ក្នុងសម័យរបស់យើង និងក្នុងប្រវត្តិសាស្ត្រកំពុងកើតមានឡើង ក្នុងរបៀបដែលមិនធ្លាប់មានពីមុនមក ដោយនាំសង្គមមនុស្សទៅរកចំណុចសំខាន់មួយ»។
កិច្ចប្រជុំកំពូលរបស់ប្លុកប្រីកស៍ សុទ្ធតែបានចូលរួមដោយមេដឹកនាំសំខាន់ៗរបស់ប្លុកនេះ ដែលរួមមានប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Cyril Ramaphosa ប្រធានាធិបតីប្រេស៊ីល លោក LuizInacio Lula da Silva និងនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi។ មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ដែលរងដីកាចាប់ខ្លួនពីតុលាការអន្តរជាតិជុំវិញឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន មិនបានចូលរួមដោយផ្ទាល់ទេ ប៉ុន្តែលោកបានថ្លែងតាមអនឡាញតាមតំណភ្ជាប់បច្ចេកវិទ្យាពីប្រទេសរុស្ស៊ី។
នៅក្នុងសុន្ទរកថាថតទុក ដែលបានផ្សព្វផ្សាយនៅក្នុងកិច្ចប្រជុំកំពូលនោះ លោកពូទីនបានស្តីបន្ទោសចំពោះការប្រែប្រួលនៅក្នុងទីផ្សារពិភពលោកសម្រាប់ម្ហូបអាហារ និងទំនិញផ្សេងទៀតលើការដាក់ទណ្ឌកម្មរបស់លោកខាងលិច ហើយបាននិយាយថា BRICS នឹងក្លាយជាកម្លាំងសម្រាប់យុត្តិធម៌នៅក្នុងទំនាក់ទំនងអន្តរជាតិ។ នេះបើយោងតាម The Guadian។
លោក ពូទីន ថ្លែងថា៖ «យើងសហការគ្នាលើគោលការណ៍សមភាព ការគាំទ្រគ្នាទៅវិញទៅមក និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។ នេះគឺជាសារៈសំខាន់នៃវគ្គយុទ្ធសាស្ត្រសំដៅទៅរកអនាគតនៃសមាគមរបស់យើង ដែលជាវគ្គនសេចក្តីពេញចិត្តនៃផ្នែកភាគច្រើននៃសហគមន៍ពិភពលោក ដែលហៅថាភាគច្រើនជាសកល»។
ចិន និងរុស្ស៊ី ដែលរងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីសហរដ្ឋអាមេរិក បានមានបំណងចង់ពង្រីកប្រ៊ីកស៍ ដើម្បីប្រឆាំងទៅនឹងឥទ្ធិពលត្រួតត្រារបស់លោកខាងលិចលើស្ថាប័ន និងកិច្ចការអន្តរជាតិ។អារ៉ាប៊ីសាអ៊ូឌីត ឥណ្ឌូនេស៊ី អ៊ីរ៉ង់ អាហ្សង់ទីន និងអេហ្ស៊ីប ស្ថិតក្នុងចំណោមប្រទេសដែលបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួមក្នុងប្លុកនេះ។
បច្ចុប្បន្នប្រ៊ីកស៍មានសមាជិកចំនួន ៥ ដែលរួមមានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអ្រាហ្វិកខាងត្បូង ដែលរួមចំណែកប្រមាណ ៤០ ភាគរយនៃចំនួនប្រជាជនសរុបក្នុងសកលលោក និងច្រើនជាង ១ ភាគ ៤ នៃសេដ្ឋកិច្ចពិភពលោក៕