មនុស្ស ២៩នាក់ ជាប់សង្ស័យមានទំនាក់ទំនងនឹងក្រុមរដ្ឋឥស្លាមរៀបចំការវាយប្រហារ ទួរគីបានចាប់ឃុំ។

ទួរគី៖ លោក Ali Yerlikaya រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទួរគី កាលពីថ្ងៃសុក្រ ទី២៩ ខែធ្នូ នេះ បាននិយាយថា អាជ្ញាធរទួរគី បានឃុំខ្លួនមនុស្ស ២៩នាក់ ដែលសង្ស័យថា មានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម នៅក្នុងប្រតិបត្តិការជាច្រើន នៅទូទាំងខេត្តចំនួន៩ ។

លោក Yerlikaya តាមរយៈវេទិកាបណ្ដាញសង្គម X របស់ខ្លួនបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួន នៅក្នុងប្រតិបត្តិការឈ្មោះ «Operation Heroes-37» នៅថ្ងៃសុក្រនេះ គ្រោងនឹងវាយប្រហារវិហារកាតូលិក និងវិហារជនជាតិជ្វីហ្វនានា ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Anadolu របស់ទួរគី បង្ហាញប្រភពសន្តិសុខ បានរាយការណ៍ថា ជនសង្ស័យ ៣នាក់ផ្សេងទៀត ដែលមានទំនាក់ទំនងជាមួយអ្នកជាប់ឃុំទាំង ២៩នាក់នោះ ក៏ត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការផងដែរ។ សារព័ត៌មាននេះបានឲ្យដឹងថា អ្នកទាំង៣ គឺជាសមាជិកជាន់ខ្ពស់នៃរដ្ឋឥស្លាម ហើយបានបន្ថែមថា ម្នាក់កំពុងរៀបចំផែនការវាយប្រហារលើស្ថានទូតអ៊ីរ៉ាក់ នៅទីក្រុងអង់ការ៉ា។តែសារព័ត៌មាន Anadolu មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមលើជនសង្ស័យ ឬប្រតិបត្តិការនេះនោះទេ។

អាជ្ញាធរទួរគីបានបង្កើនប្រតិបត្តិការប្រឆាំងនឹងរដ្ឋឥស្លាម និងពួកសកម្មប្រយុទ្ធឃើដ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធឃើដ បានបំផ្ទុះគ្រាប់បែកនៅជិតអគាររដ្ឋាភិបាល ក្នុងទីក្រុងអង់ការ៉ាកាលពីថ្ងៃទី១ ខែតុលា ៕