UN ចេញរបាយការណ៍សោកស្ដាយចំពោះ តំបន់វ៉េសប៊ែងលើ «ការធ្លាក់ចុះសិទ្ធិយ៉ាងឆាប់រហ័ស»។

UN៖ ការចេញផ្សាយនូវរបាយការណ៍របស់អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ នេះ បានបង្ហាញនូវការសោកស្ដាយចំពោះអ្វី ដែលខ្លួនបាននិយាយថា ជា «ការធ្លាក់ចុះសិទ្ធិមនុស្សយ៉ាងឆាប់រហ័ស» នៅតំបន់វ៉េសប៊ែង (West Bank) ដែលកាន់កាប់ដោយអ៊ីស្រាអែល ហើយបានជំរុញឲ្យអាជ្ញាធរអ៊ីស្រាអែល បញ្ឈប់អំពើហិង្សាលើប្រជាជនប៉ាឡេស្ទីន នៅទីនោះ។

របាយការណ៍ដែលចេញផ្សាយ ដោយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានបង្ហាញថា ជនជាតិប៉ាឡេស្ទីន ៣០០នាក់ ត្រូវបានសម្លាប់ នៅតំបន់វ៉េសប៊ែង ចាប់តាំងពីថ្ងៃទី៧ ខែតុលា ជាថ្ងៃដែលខ្មាន់កាំភ្លើងក្រុមហាម៉ាស បានការវាយឆ្មក់សម្លាប់មនុស្សយ៉ាងកំរោល នៅភាគខាងត្បូងអ៊ីស្រាអែល និងចាប់ចំណាប់ថ្នូរយកត្រឡប់ទៅតំបន់ហ្កាហ្សា។

របាយការបានឲ្យដឹងបន្ថែមថា ការសម្លាប់ភាគច្រើន បានកើតឡើងក្នុងអំឡុងពេលប្រតិបត្តិការ ដោយកងកម្លាំងសន្តិសុខអ៊ីស្រាអែល ឬការប្រឈមមុខដាក់គ្នាជាមួយពួកគេ ហើយស្លាប់យ៉ាងហោច ១០៥នាក់ អាចត្រូវបានសន្មត់ថា ដោយសារប្រតិបត្តិការរបស់អ៊ីស្រាអែល ដែលពាក់ព័ន្ធនឹងការវាយប្រហារតាមអាកាស ឬយុទ្ធសាស្ត្រយោធាផ្សេងទៀត នៅក្នុងជំរុំជនភៀសខ្លួន ឬតំបន់ដែលមានប្រជាជនរស់នៅច្រើន។

មិនមានការអត្ថាធិប្បាយភ្លាមៗ ពីមន្ត្រីអ៊ីស្រាអែលលើរបាយការណ៍នេះទេ។ អ៊ីស្រាអែល បាននិយាយថា ប្រតិបត្តិការរបស់ខ្លួន នៅតំបន់វ៉េសប៊ែង គឺជាការត្រៀមទុកជាមុន និងមានគោលបំណងទប់ស្កាត់ការគំរាមកំហែង ផ្នែកសន្តិសុខ៕