ការស្នើសុំចូលណាតូរបស់ស៊ុយអែត សភាទួរគីអាចនឹងមិនបោះឆ្នោតឲ្យជាច្រើនសប្តាហ៍ទៀត។
ទួរគី៖ សភារបស់ប្រទេសទួរគី ទំនងជាមិនរៀបចំការបោះឆ្នោតពេញលេញ លើការស្នើសុំរបស់ប្រទេសស៊ុយអែត ដើម្បីចូលរួមជាមួយអង្គការណាតូ មុនពាក់កណ្តាលខែមករានោះទេ បើតាមប្រភពពីសភាទួរគី កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូកន្លងមកនេះ បានប្រាប់សារព័ត៌មាន AFP ។
ការចូលជាសមាជិករបស់ស៊ុយអែត ក្នុងសម្ព័ន្ធភាពលោកខាងលិចដែលដឹកនាំដោយសហរដ្ឋអាមេរិក ត្រូវបានអនុម័តដោយគណៈកម្មាធិការកិច្ចការបរទេស កាលពីថ្ងៃអង្គារ ដោយបាននាំមកនូវការបញ្ចប់ នូវការប្រឈមមុខដាក់គ្នារយៈពេល ១៩ខែ ដែលបានធ្វើឲ្យមានការខឹងសម្បា ពីដៃគូលោកខាងលិចរបស់ទួរគី ។
ឥឡូវនេះ វាត្រូវតែទទួលបានការបោះឆ្នោតដោយសភាពេញអង្គ ៦០០អាសនៈ ដែលសម្ព័ន្ធភាពកាន់អំណាចរបស់ប្រធានាធិបតី Recep Tayyip Erdogan កាន់កាប់សំឡេងភាគច្រើន ។ ហើយបន្ទាប់មកប្រធានាធិបតី នឹងត្រូវចុះហត្ថលេខា ដើម្បីឲ្យក្លាយជាច្បាប់ធរមាន។
ទោះបីជាគណបក្សរបស់លោក Erdogan អាចអំពាវនាវឲ្យមានសម័យប្រជុំពិសេសមួយ ដើម្បីពិភាក្សាអំពីវិធានការនេះក៏ដោយ ក៏វាហាក់ដូចជានឹងត្រូវរង់ចាំរហូតដល់បន្ទាប់ពីការវិលត្រឡប់របស់សភា ដែលបានគ្រោងទុកនៅថ្ងៃទី១៥ ខែមករា។
ស៊ុយអែត ដែលជាប្រទេសអឺរ៉ុបខាងជើង រួមជាមួយនឹងប្រទេសជិតខាងរបស់ខ្លួន គឺហ្វាំងឡង់ បានបោះលុបចោលការមិនចូលបក្សសម្ព័ន្ធយោធាជាច្រើនទសវត្សរ៍របស់ខ្លួន ហើយបានព្យាយាមចូលរួមជាមួយអង្គការណាតូ បន្ទាប់ពីមានការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២៕