អនិច្ចាជីវិតមនុស្សរាប់ពាន់នាក់ កំពុងភៀសខ្លួនចេញពីការវាយលុកកាន់តែខ្លាំងរបស់អ៊ីស្រាអែល នៅហ្កាហ្សាភាគកណ្ដាល។
ហ្កាហ្សា៖ គ្រួសារប៉ាឡេស្ទីនរាប់ពាន់នាក់បានភៀសខ្លួន កាលពីថ្ងៃពុធចេញពីការវាយលុកដ៏សន្ធាប់កាន់តែខ្លាំងរបស់អ៊ីស្រាអែល ទៅកាន់តំបន់ដែលនៅសេសសល់តិចតួចនៅហ្កាហ្សានោះ ដែលពេញណែនដោយជនភៀសខ្លួនដ៏តូចចង្អៀត ខណៈយោធាបានបើកការវាយប្រហារយ៉ាងខ្លាំងក្លានៅទូទាំងភាគកណ្តាល និងភាគខាងត្បូងនៃដែនដីទទួលរងការបំផ្លិចបំផ្លាញនេះដោយបានសម្លាប់មនុស្សរាប់សិបនាក់ បើតាមការលើកឡើងពីមន្ត្រីសុខាភិបាលប៉ាឡេស្ទីន។
លំហូរមនុស្សដ៏ច្រើន បានរត់ភៀសខ្លួន ដោយថ្មើរជើង ឬជិះរទេះសត្វលា ផ្ទុកពេញដោយរបស់របរ បានសម្រុកចូលទៅក្នុងតំបន់ ឌៀរ អាល់ បាឡា (Deir al-Balah) ជាទីប្រជុំមួយដែលជាធម្មតាមានប្រជាជនប្រហែល ៧៥.០០០នាក់ បែរជាទីតាំងនេះត្រូវបានគ្របដណ្ដប់ដោយមនុស្សរាប់សែននាក់ ដែលត្រូវបានជំរុញចេញពីភាគខាងជើង ហ្កាហ្សា ស្របពេលដែលតំបន់នេះត្រូវបានរងការវាយប្រហារក្លាយជាគំនរកម្ទេចថ្ម។
ឃើញថាជម្រករបស់អង្គការសហប្រជាជាតិ ត្រូវបានផ្ទុកមនុស្សពេញលើសចំណុះច្រើនដង អ្នកទៅដល់ថ្មីៗបានដំឡើងតង់នៅតាមចិញ្ចើមផ្លូវដើម្បីស្នាក់នៅ ក្នុងពេលរដូវរងាដ៏ត្រជាក់។ មនុស្សបានប្រមូលផ្ដុំគ្នា បានសម្រុកទៅកាន់តាមដងផ្លូវនានា នៅជុំវិញមន្ទីរពេទ្យដ៏សំខាន់ អាល់ អាកសា ម៉ាល់ ធ័រ (Al-Aqsa Martyrs) ដោយសង្ឃឹមថានឹងមានសុវត្ថិភាពពីការវាយប្រហាររបស់អ៊ីស្រាអែល។
ប៉ុន្តែ តថភាពជាក់ស្តែងគ្មានកន្លែងណាមានសុវត្ថិភាពនោះឡើយនៅក្នុងហ្កាហ្សា ព្រោះការវាយលុករបស់អ៊ីស្រាអែល កំពុងប្រមូលផ្តុំប្រជាជនភាគច្រើនចូលទៅក្នុងទីក្រុង Deir al-Balah និង Rafah នៅជាយខាងត្បូងដែនដីនេះព្រមទាំងតំបន់ជនបទតូចមួយ នៅជាប់ឆ្នេរសមុទ្រភាគខាងត្បូង។ ប៉ុន្តែតំបន់ទាំងនោះនៅតែបន្តរងការវាយប្រហារពីអ៊ីស្រាអែល ដែលតែងតែបំផ្លាញផ្ទះសម្បែង ពោរពេញដោយមនុស្ស៕