សន្ទុះកាន់តែកើនឡើងនៃក្បួនដំណើរជនអន្តោប្រវេសន៍ ឆ្ពោះទៅអាមេរិក ស្របលោក Blinken ធ្វើទស្សនកិច្ចនៅម៉ិកស៊ិក។
បរទេស៖ នៅថ្ងៃបុណ្យណូអែល ក្បួនដំណើរជនអន្តោប្រវេសន៍ ដែលបានចេញដំណើរ បានមកដល់ទីក្រុង អ៊ីស្គូអ៊ីនត្លា(Escuintla) ភាគខាងត្បូងរដ្ឋ Chiapas កាលពីថ្ងៃពុធ ខណៈមន្ត្រីសហរដ្ឋអាមេរិក និងម៉ិកស៊ិក ជួបពិភាក្សាគ្នាអំពីការធ្វើអន្តោប្រវេសន៍ នៅទីក្រុង Mexico City ។ ជនអន្តោប្រវេសន៍ នៅក្នុងក្បួនធ្វើដំណើរ បានទាមទារឱ្យអាជ្ញាធរ បញ្ជាក់ចំពោះស្ថានភាពរបស់ពួកគេ និងផ្តល់ឱកាសការងារ ដើម្បីបន្តក្តីសុបិន្តរបស់ពួកគេ។ ជនអន្តោប្រវេសន៍ រាប់រយនាក់ ភាគច្រើនមកពីប្រទេសហុងឌុយរ៉ាស និងផ្នែកផ្សេងទៀតនៅអាមេរិកឡាទីន និងតំបន់ការ៉ាអ៊ីប បានដើរជាក្រុមក្រោមការឃ្លាំមើលរបស់ឆ្មាំជាតិប្រទេសម៉ិកស៊ិក ហើយបានឈប់សម្រាកនៅទីលានធំក្នុងទីក្រុង Escuintla ។
លោក Antony Blinken រដ្ឋមន្ត្រីការបរទេស រួមមានទាំងមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក និងប្រធានសន្តិសុខក្រសួងមហាផ្ទៃ លោក Alejandro Mayorkas កំពុងធ្វើទស្សនកិច្ចនៅប្រទេសម៉ិកស៊ិក ខណៈ រដ្ឋាភិបាលម៉ិកស៊ិក បានសន្យាថា នឹងជួយសហរដ្ឋអាមេរិកទប់ទល់ចំនួនមនុស្សដែលបានព្យាយាមចូលទៅដល់ព្រំដែន។
លោក Alicia Barcena រដ្ឋមន្ត្រីការបរទេស បាននិយាយកាលពីថ្ងៃពុធថា ប្រទេសម៉ិកស៊ិក បានជំរុញឲ្យមន្ត្រីសហរដ្ឋអាមេរិក បើកច្រកឆ្លងកាត់ព្រំដែនឡើងវិញ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស លោក Antony Blinken ខណៈមន្ត្រីអាមេរិក បានស្វែងរកជំនួយដើម្បីទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ មិនទៀងទាត់។
រដ្ឋបាលរបស់ប្រធានាធិបតី លោក Joe Biden កំពុងស្វែងរកជំនួយពីរដ្ឋាភិបាលរបស់ប្រធានាធិបតី លោក Andres Manuel Lopez Obrador ដើម្បីកាត់បន្ថយលំហូរជនអន្តោប្រវេសន៍ និងទប់ទល់ចំនួនមនុស្សដែលព្យាយាមទៅដល់ព្រំដែនសហរដ្ឋអាមេរិក ដែលជាបញ្ហាសំខាន់ នៅមុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងខែវិច្ឆិកា។
ជំនួបនេះធ្វើឡើងបន្ទាប់ពីជនអន្តោប្រវេសន៍ជាងកន្លះលាននាក់ នៅឆ្នាំនេះបានឆ្លងកាត់ព្រៃ Darien Gap ដ៏គ្រោះថ្នាក់ទៅកាន់អាមេរិកកណ្តាល ជាកំណត់ត្រាកើនលើសទ្វេដងកាលពីឆ្នាំមុន ដែលភាគច្រើនបានភៀសខ្លួនចេញពីឧក្រិដ្ឋកម្ម ភាពក្រីក្រ និងជម្លោះ ដើម្បីស្វែងរកការចូលទៅក្នុងសហរដ្ឋអាមេរិក៕