MS Westerdam នាវាទេសចរណ៍! កម្ពុជាសូមស្វាគមន៍ ការមកដល់ម្ដងទៀត ជាមួយភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤០០០ នាក់មកកាន់កំពង់ផែក្រុងព្រះសីហនុនាព្រឹកនេះ!
ព្រះសីហនុ៖ នាវាទេសចរណ៍ MS Westerdam នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២៣នេះ បានដឹកភ្ញៀវទេសចរប្រមាណ ៤០០០ នាក់ចូលមកដល់កំពង់ផែ ក្រុងព្រះសីហនុហើយ ដើម្បីរម្លឹកដល់អនុស្សាវរីយ៍ កាលពីអំឡុងផ្ទុះការរីករាលដាលជំងឺកូវីដ-១៩ ដែលនាវានេះត្រូវបានប្រទេសកម្ពុជាអនុញ្ញាតឱ្យចូលចត ខណៈប្រទេសជាច្រើនបដិសេធ។
សូមរំលឹកថា កាលពីអំឡុងផ្ទុះជំងឺកូវីដ-១៩ ថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២០ នាវា MS Westerdam នេះត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្រ្ដីនៃកម្ពុជា អនុញ្ញាតឲ្យចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដើម្បីជួយសង្គ្រោះអ្នកទេសចរចម្រុះជាតិសាសន៍រាប់ពាន់អ្នកដែលជាប់នៅលើនាវានេះ បន្ទាប់ពីប្រទេសមួយចំនួនបដិសេធមិនឲ្យចូលចត ក្រោមហេតុផលខ្លាចចម្លងមេរោគកូវីដ-១៩។
ក្រោយការចូលចតដល់កំពង់ផែក្រុងព្រះសីហនុនាពេលនោះ អ្នកទេសចរនៅលើនាវានេះបានរីករាយរហូតអ្នកខ្លះស្រក់ទឹកភ្នែក ជាមួយនឹងការរំភើបដឹងគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលកាលនោះសម្តេចនៅជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដែលអនុញ្ញាតឲ្យនាវានេះបានចូលចតក្នុងប្រទេសកម្ពុជា និងសម្រួលដំណើរបន្តតាមជើងយន្តហោះ បានទៅកាន់ប្រទេសរៀងៗខ្លួន ធ្វើឲ្យកិត្យានុភាពប្រទេសកម្ពុជាល្បីល្បាញលើពិភពលោកជាប់ឈ្មោះជាប្រទេសតូចតែបេះដូងមនុស្សធម៍ធំ៕