ឯកឧត្ដម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីតុលាការ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង។
ស្ទឹងត្រែង៖ ឯកឧត្ដម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំប្រតិភូក្រសួងយុត្តិធម៌ ជួបប្រជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីតុលាការ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងកាលពីរសៀលថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៤:៣០នាទី ។
កិច្ចប្រជុំសំណេះសំណាលនេះមានការចូលរួមជាគណៈអធិបតីពី ឯកឧត្តម ឌិន ស៊ីវុទ្ធី ប្រធានសាលាដំបូងខេត្តស្ទឹងត្រែង ឯកឧត្តម កែវ សុធា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ឯកឧត្តម ទួន សុខុន ទីប្រឹក្សាអមក្រសួងយុត្តិធម៌ លោក ទិត សារឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ លោកស្រី ស្មាន់ វណ្ណធីតា ប្រធាននាយកដ្ឋានក្រឡាបញ្ជី និងសហការីនៃក្រសួងយុត្តិធម៌ ព្រមទាំងមន្ត្រីតុលាការ សរុបចំនួន៣៣រូប ដោយកិច្ចប្រជុំមានការពិភាក្សា សួរ និងឆ្លើយយ៉ាងផុលផុសទៅលើ របៀបវារៈចំនួន៤ដូចខាងក្រោម៖
១. ការពិនិត្យវឌ្ឍនភាពការងារ
២. បញ្ហាប្រឈម
៣. សំណូមពរ និង
៤. យន្តការដោះស្រាយចំពោះសំណូមពរ
ក្នុងកិច្ចបូកសរុបមុនបិទអង្គប្រជុំ ឯកឧត្តម សួន វិសាលក៏បានពាំនាំពាក្យសួរសុខទុក្ខ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដល់ថ្នាក់ដឹកនាំ និងមន្ត្រីតុលាការទាំងអស់ ហើយទន្ទឹមនេះ ឯកឧត្តមក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ឲ្យមានការគោរពច្បាប់ រក្សានូវក្រមសីលធម៌ក្នុងវិជ្ជាជីវ: អភិវឌ្ឍន៍ចំណេះដឹងបន្ថែម សាមគ្គីភាពផ្ទៃក្នុង និងសុំឲ្យមានការជួយគ្រប់គ្រង បង្ហាត់បង្រៀនពីសំណាក់ឯកឧត្តមប្រធាន និងឯកឧត្តមព្រះរាជអាជ្ញាដល់មន្ត្រីក្រឡាបញ្ជីផងដែរ៕