ខេត្តថៃចំនួនពីរ រងជំនន់ទឹកភ្លៀងបង្កជាការជន់លិចខ្លាំង។
ថៃ៖ ខេត្ត Narathiwat និងខេត្ត Yala នៅភាគខាងត្បូងនៃប្រទេសថៃ បានរងនូវភ្លៀងធ្លាក់ក្នុងរយៈពេលពីរថ្ងៃជាប់ៗគ្នា បានបណ្តាលឱ្យមានជំនន់ទឺកភ្លៀងរីករាលដាលពាសពេញ ។
នៅខេត្តទាំងពីរខាងលើនេះ មានភ្លៀងធ្លាក់យ៉ាងខ្លាំងក្នុងរយៈពេលពីរថ្ងៃជាប់គ្នា ដែលបណ្ដាលឱ្យមានជំនន់ទឹកភ្លៀងប៉ះពាល់ដល់ភូមិចំនួន ៦៧ និងស្រុកចំនួន ១៦ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយកាលពីថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣។
ខេត្ត Narathiwat អាជ្ញាធរតំបន់បានបញ្ជាក់ថា មានស្រុកចំនួនប្រាំបួនត្រូវបានជន់លិចយ៉ាងដំណំ ហើយថែមទាំងប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៩៥៥៨គ្រួសារ និងមនុស្សជាង ៣០,០០០នាក់នៅក្នុង ៤៤តំបន់ផ្សេងៗទៀតកាលពីព្រឹកថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣។ អាជ្ញាធរបន្តទៀតថា ក្នុងចំណោមស្រុកចំនួន ២៣នៃខេត្ត Yala ជំនន់ទឹកភ្លៀងបានវាយប្រហារទៅលើស្រុកចំនួន ៧ ខណៈផ្លូវ និងផ្ទះសម្បែងប្រជាពលរដ្ឋ ពិសេសតំបន់ទំនាបត្រូវបានជន់លិច ដែលធ្វើឱ្យរថយន្តធុនតូចមិនអាចធ្វើដំណើរតាមកំណាត់ផ្លូវទាំងនោះបានឡើយ។
សូមបញ្ជាក់ផងដែរថា ស្រុកដែលមានការរងផលប៉ះពាល់ខ្លាំងជាងគេ គឺស្រុក Yingo ដែលមានប្រជាពលរដ្ឋចំនួន ២៧៥៥គ្រួសារ រួមទាំងមនុស្សជាង 1០,០០០នាក់បានរងផលប៉ះពាល់។ ស្រុក Chanae មានប្រជាពលរដ្ឋចំនួន ២១១៥គ្រួសារ និងមនុស្សជាង ៩,០០០នាក់ បានរងផលប៉ះពាល់។ រីឯ សាលារៀនមួយចំនួនបានរងការខូចខាត។ ស្រុក Rangae មានគ្រួសារជាង ២០០០គ្រួសារ និងមនុស្សជាង ៨០០០នាក់រងការប៉ះពាល់ ព្រមទាំងសាលារៀនចំនួន ៧ ខ្នងឯទៀតត្រូវបានបំផ្លាញតាមរយៈគ្រោះទឹកភ្លៀង។
អគ្គនាយកនៃនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ លោក Chaiwat Junthirapong បាននិយាយថា ការិយាល័យខេត្តកំពុងសហការជាមួយរដ្ឋបាលមូលដ្ឋាន ដើម្បីបង្ហូរទឹកចេញពីតំបន់លិចទឹក និងអង្កេតមើលការខូចខាតជារួម ដើម្បីអាចផ្តល់ជំនួយ និងសំណងបានវិញ។ លោកបានបញ្ជាក់ទៀតថា ដើម្បីសុំជំនួយ មនុស្សអាចទូរស័ព្ទទៅមជ្ឈមណ្ឌលបណ្តឹងរបស់នាយកដ្ឋានតាមរយៈលេខ ១៧៨៤ និងអាចតាមដានការព្រមានអំពីគ្រោះមហន្តរាយនៅលើកម្មវិធី THAI DISASTER ALERT បានផងដែរ៕ ប្រភព៖Bangkok Post