អ៊ុយក្រែន ស្នើច្បាប់កែណ្ឌទ័ពឲ្យបន្ថយអាយុកែណ្ឌ មក២៥ឆ្នាំ ពីអាយុ២៧ឆ្នាំ។

អ៊ុយក្រែន៖ នៅលើគេហទំព័ររបស់សភាអ៊ុយក្រែន បានបង្ហោះឯកសារនៃច្បាប់កែណ្ឌកងកម្លាំង កាលពីល្ងាចថ្ងៃចន្ទ បានស្នើឱ្យបន្ថយអាយុអ្នក ដែលអាចត្រូវបានកែណ្ឌសម្រាប់កាតព្វកិច្ចប្រយុទ្ធមកត្រឹមអាយុ២៥ឆ្នាំ ពី អាយុ២៧ឆ្នាំ។ ការផ្លាស់ប្តូរដែលបានស្នើធ្វើឡើង ស្របការប្រយុទ្ធគ្នារយៈពេល ២២ ខែរបស់អ៊ុយក្រែនប្រឆាំងរុស្ស៊ី បានអូសបន្លាយពេល។

រៀបរាប់លម្អិតក្នុងឯកសារកែណ្ឌ លើពលរដ្ឋអ៊ុយក្រែនណា ដែលនឹងត្រូវកំណត់ចុះឈ្មោះសម្រាប់ការចុះឈ្មោះយោធា និងបាននិយាយថា វានឹងអនុវត្តចំពោះអ្នកដែលមានអាយុពី២៥ឆ្នាំ។ កំណត់សម្គាល់ដែលមានការពន្យល់ ត្រូវបានចុះហត្ថលេខាដោយលោក Rustem Umerov រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានសង្ខេបច្បាប់កែណ្ឌសំខាន់ៗ ដោយនិយាយថាពួកគេរួមបញ្ចូលទាំងការផ្លាស់ប្តូរអាយុទាហានពី ២៧ឆ្នាំ មកត្រឹម២៥ ឆ្នាំវិញ។

លោក Volodymyr Zelensky ប្រធានាធិបតី បាននិយាយទៅកាន់សន្និសីទសារព័ត៌មានថា យោធាបានស្នើកែណ្ឌកម្លាំងប្រជាជនអ៊ុយក្រែនបន្ថែមទៀតពី ៤៥០.០០០ នាក់ទៅ ៥០០.០០០នាក់ ប៉ុន្តែ វាជាបញ្ហា ដ៏រសើបខ្លាំង ដែលយោធា និងរដ្ឋាភិបាល នឹងពិភាក្សាមុនធ្វើសេចក្តីសម្រេចថាតើត្រូវបញ្ជូនសំណើទៅសភាឬយ៉ាងណា?

ចំនួនទាហានអ៊ុយក្រែន មិនត្រូវបានគេដឹងនោះទេ ប៉ុន្តែកន្លងមកត្រូវបានគេនិយាយថា ប្រទេសនេះមានមនុស្សប្រហែល ១ លាននាក់កាន់អាវុធ។ មន្ត្រីអាមេរិក ប៉ាន់ប្រមាណថា មនុស្សរាប់សែននាក់បានស្លាប់ និងរបួសចាប់តាំងពីរុស្ស៊ី បានឈ្លានពានអ៊ុយក្រែន៕