វិធានការចំនួនបីកំណត់ដោយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីសម្រួលការធ្វើពាណិជ្ជកម្មរបស់វិស័យឯកជន។
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងយុទ្ធសាស្រ្តកែទម្រង់ និងទំនើបកម្មគយ ២០២៤-២០២៨ បានដាក់ចេញវិធានការសម្រួលពាណិជ្ជកម្មសម្រាប់វិស័យឯកជនចំនួន៣កញ្ចប់ ដែលគ្របដណ្តប់លើ ៣ផ្នែកសំខាន់ៗ ដូចជា៖
១-ការកាត់បន្ថយថ្លៃសេវាសាធារណៈ
២-ការគ្រប់គ្រងការនាំចូលនិងគាំពារសុខភាពសាធារណៈ
៣-ការធ្វើឌីជីថលនីយកម្មនីតិវិធីគយនិងការសម្រួលពាណិជ្ជកម្ម។
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឯកឧត្តមបណ្ឌិត គុណ ញឹម នៅក្នុងពិធីបិទវេទិកាផ្សព្វផ្សាយវិធានការសម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ នៅព្រឹកថ្ងៃទី២៥ ធ្នូ ឆ្នាំ២០២៣នេះ បានមានប្រសាសន៍ថា វិធានការទាំងអស់ខាងលនេះ ដើម្បីដោះស្រាយបញ្ហាប្រឈម និងកង្វល់របស់វិស័យឯកជនសំដៅលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ច។ បន្ថែមពីនេះ រដ្ឋបាលគយបានអនុញ្ញាតឲ្យមានសេវាធ្វើការបន្ថែមម៉ោងពេលយប់នៅតាមបណ្តាផែស្ងួត ដើម្បីជំរុញការងារនាំចេញផងដែរ។
ឯកឧត្តមបណ្ឌិត គុណ ញឹម បានបន្ថែមថា ក្រៅពីការងារខាងលើទាំងអស់នេះ នឹងដាក់ឲ្យដំណើរការប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី៣ ដែលដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មអន្តរជាតិ តាមរយៈកិច្ចដំណើរការផ្តល់និងទទួលអាជ្ញាបណ្ណ វិញ្ញបនបត្រ លិខិតអនុញ្ញាត និងឯកសារផ្សេងទៀតតាមមធ្យោបាយអេឡិកត្រូនិក សម្រាប់មុខទំនិញស្ថិតក្នុងបញ្ជីហាមឃាត់ និងជាប់កម្រិតកំណត់ និងមុខទំនិញទទួលបានការលើកទឹកពន្ធនិងអាករ។
ចំពោះអត្ថប្រយោជន៍របស់បញ្ជរតែមួយជាតិនេះដែរ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ឲ្យដឹងថា អង្គភាពអនុវត្តមានភាពងាយស្រួល និងលឿនរហ័សក្នុងការវិភាគ និងវាយតម្លៃដើម្បីផ្តល់អាជ្ញាបណ្ណ វិញ្ញាបនបត្រ លិខិតអនុញ្ញាត និងឯកសារផ្សេងទៀត និងវិស័យឯកជន អាចកាត់បន្ថយបន្ទុកចំណាយ និងពេលវេលាក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិ៕