ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២ សម្តេចធិបតី មានប្រសាសន៍សំខាន់ៗ
ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២ ដែលពិធីនេះធ្វើឡើង នៅសណ្ឋាគារសុខាភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មាននូវប្រសាសន៍សំខាន់ៗដែលមានខ្លឹមសារដូចខាងក្រោម៖
-សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បើគ្មានទិន្នន័យ វាហាក់បីដូចជាស្ថិតនៅចំណុចមួយ ដែលវង្វេងវង្វាន់។ សូម្បីតែគេលើកកូនស្រីគេឱ្យយើង ក៏គេត្រូវដឹងអំពីទិន្នន័យច្បាស់លាស់ពីកូនប្រុសនោះដែរ។ ដូច្នេះទិន្នន័យនេះសំខាន់ណាស់សម្រាប់ការកំណត់ទិសដៅស្ថានភាព និងទិសដៅគោលនយោបាយសម្រាប់ពេលអនាគត។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល ការកសាងក្របខណ្ឌគោលនយោបាយ ដើម្បីឱ្យមានលក្ខណៈបុរេសកម្ម និងការតាមតានត្រួតពិនិត្យ ការវាយតម្លៃ ការអនុវត្តគោលនយោបាយ ការដាក់ចេញនូវគោលនយោបាយ គឺទាមទារឱ្យមានការតាមដាន វាយតម្លៃ ត្រួតពិនិត្យឱ្យទាន់ពេលវេលា គឺផ្អែកទៅលើទិន្នន័យនេះហើយ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ស្ថានភាពជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ គឺមានការកើនឡើងប្រមាណជាង ៥០ ភាគរយ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ គឺជាមូលដ្ឋានសំខាន់ណាស់ សម្រាប់ប្រទេសកម្ពុជាដើរទៅមុខរយៈពេល១០ឆ្នាំទៀត។ ក្របខណ្ឌគោលនយោបាយ គឺផ្អែកទៅលើបច្ចុប្បន្នភាពជាក់ស្ដែងនៅលើដី។ នេះហើយជាការផ្អែកទៅលើទិន្នន័យជាក់ស្ដែង និងក្របខណ្ឌគោលនយោបាយជាក់លាក់។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ដោយទិន្នន័យ ស្ថិតិបានដើរតួនាទីសំខាន់ សម្ដេចបានផ្ដល់អនុសាសន៍ដល់ក្រសួងផែនការ ត្រូវបន្តលើកកម្ពស់ជំរឿនសេដ្ឋកិច្ច និងការអង្កេតសំខាន់ៗលើជំរឿនសេដ្ឋកិច្ច និងការងារអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចរបស់កម្ពុជា។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងផែនការត្រូវពិនិត្យឱ្យបានត្រឹមត្រូវលើការប្រមូលទិន្នន័យរបស់ខ្លួន ពីព្រោះទិន្នន័យនោះ គឺជាត្រីវិស័យក្នុងការរៀបចំក្របខណ្ឌគោលនយោបាយជាតិ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងផែនការ ក៏ដូចជាក្រសួងស្ថាប័នផ្សេងទៀត ត្រូវពង្រឹងសមត្ថភាពធនធានមនុស្ស និងរចនាសម្ព័ន្ធរបស់ខ្លួន ពីព្រោះការធ្វើវិភាជន៍ឡើងវិញ នូវធនធានមនុស្សដែលមានជំនាញបច្ចេកទេស គឺបានជួយបង្កើននូវប្រសិទ្ធភាពការងារនៅក្នុងស្ថាប័នរបស់ខ្លួន និងអាចអនុវត្តក្របខណ្ឌគោលនយោបាយឱ្យបានជោគជ័យ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្ដេចតែងតែបានណែនាំ និងដាក់ចេញនូវគោលនយោបាយចំពោះការជ្រើសរើសមន្រ្ដី គឺត្រូវធ្វើឱ្យមានសុក្រឹតភាព ជ្រើសរើសឱ្យស្របទៅនឹងទំនើបកម្មនៃបច្ចុប្បន្នភាព និងការជ្រើសរើសដោយមានការលើកទឹកចិត្ត។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការវិនិយោគទៅលើធនធានមនុស្ស គឺជាកិច្ចការសំខាន់ទាំងការវិនិយោគទៅលើការសិក្សាតាំងពីកុមារភាព និងការវិនិយោគនៅតាមក្រសួង ស្ថាប័ននានា។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួង ស្ថាប័នត្រូវយកចិត្តទុកដាក់ទៅលើការកសាងសមត្ថភាពមន្រ្ដី ជាពិសេសមន្រ្ដីដែលទទួលកិច្ចការងារបច្ចេកទេសសំខាន់ៗ នៅតាមក្រសួង ស្ថាប័នរបស់ខ្លួន។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការប្រើប្រាស់ទិន្នន័យមានសារសំខាន់ណាស់។ សម្ដេច បានណែនាំដល់គ្រប់ក្រសួង ស្ថាប័ន ត្រូវបណ្ដុះបណ្ដាលមន្រ្ដីលើការប្រើប្រាស់ទិន្នន័យ ដែលបានដាក់ចេញនេះឱ្យបានត្រឹមត្រូវ។