Elon Musk ថា «កុំបង្កើតក្រុមហ៊ុន បើសិននៅត្រូវការការលើកទឹកចិត្ត»។

លោកមហាសេដ្ឋីអាមេរិកដើមកំណើតអាហ្វ្រិកខាងត្បូង Elon Musk យល់ថា អ្នកជំនួញដែលមានសក្ដានុពល មិនគួរបង្កើតក្រុមហ៊ុនធុរកិច្ចថ្មីឡើយ បើសិនពួកគេត្រូវការការជំរុញទឹកចិត្តពីអ្នកដទៃ។

កាលពីពេលថ្មីៗនេះ លោក Elon Musk ថ្លែងបែបនេះជាមួយ Cathie Wood ដែលជា CEO របស់ ARK Investment Management នៅក្នុងព្រឹត្តិការណ៍មួយថា «កុំបង្កើតក្រុមហ៊ុន បើសិនអ្នកត្រូវការការលើកទឹកចិត្តពីអ្នកផ្សេង ព្រោះអត្រាបរាជ័យខ្ពស់ណាស់ ពិតជាមិនគួរធ្វើ បើត្រូវរកស្វែងរកការលើកទឹកចិត្តពីខាងក្រៅ» ។

រំលឹកកាលពីឆ្នាំ 2008 លោក Elon Musk ត្រូវបានសួរថា «ធ្វើយ៉ាងណាទើបអាចរក្សាបាននូវភាពជឿជាក់ គ្រាដែលការបាញ់បង្ហោះរ៉ុក្កែតរបស់ SpaceX ជួបបរាជ័យជាបន្តបន្ទាប់?»។ យោងតាម Fortune ចម្លើយរបស់លោក Elon Musk បានបង្ហាញពីការប្ដេជ្ញាចិត្តខ្ពស់ រហូតដល់ថ្នាក់ មិនត្រូវការការលើកទឹកចិត្តពីអ្នកណាទាំងអស់។ លោក Elon Musk បានឆ្លើយថា «សុទិដ្ឋិនិយម ទុទិដ្ឋិនិយម មិនខ្វល់អ្វីទាំងអស់។ យើងនឹងធ្វើឱ្យវាក្លាយជាការពិត ព្រះជាសាក្សី ខ្ញុំប្ដេជ្ញាចិត្តធ្វើឱ្យវាជោគជ័យ»។

លោក Elon Musk ក្រៅពី SpaceX ក៏ជាអ្នកគ្រប់គ្រងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ក្រុមហ៊ុនស្ថាបនាផ្លូវក្រោមដី Boring Company បណ្ដាញសង្គម X (អតីត Twitter) ក្រុមហ៊ុនបច្ចេកវិទ្យាខួរក្បាល Neuralink និងក្រុមហ៊ុនបច្ចេកវិទ្យា xAI ផងដែរ ។

នាពេលនេះលោកបានផ្ញើអនុសាសន៍ដល់អ្នកទាំងឡាយណាដែលកំពុងចាប់ផ្ដើមរកស៊ីថា «ចូររកវិធីដើម្បីក្លាយជាអ្នកមានប្រយោជន៍។ បង្កើតផលិត និងសេវាកម្មដែលគ្រប់គ្នាត្រូវការ ដើម្បីកែលម្អជីវភាពរបស់ពួកគេ គ្រាន់តែប៉ុណ្ណឹងទេ»៕