សម្ដេចធិបតី នាយករដ្ឋមន្ត្រី បញ្ជាឱ្យបោសសម្អាតគ្រឿងញៀន ចេញពីកងកម្លាំងប្រដាប់អាវុធទាំងអស់មុនគេ។

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាឱ្យចេញបទបញ្ជាឱ្យ បោសសម្អាតគ្រឿងញៀនចេញពីកងកម្លាំងទាំងអស់មុនគេ ដើម្បីឈានទៅគោលដៅលុបបំបាត់គ្រឿងញៀននៅក្នុងប្រទេសកម្ពុជាខណៈមន្រ្ដី ដែលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនបើរកឃើញ គឺត្រូវបណ្ដេញចេញពីក្របខណ្ឌតែម្ដង។

សម្ដេចធិបតី បានចេញបទបញ្ជា ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ ពិធីបិទសន្និបាតការងារបរិស្ថានឆ្នាំ២០២៣ និងទិសដៅការងារបន្តឆ្នាំ២០២៤ កាលពីរសៀលថ្ងៃទី២១ ខែធ្នូនេះថា ពាក់ព័ន្ធនឹងរឿងសន្ដិសុខសង្គម ជាពិសេសករណីគ្រឿងញៀន នៅក្នុងប្រទេសកម្ពុជានេះ គឺជារឿងសំខាន់ណាស់ ដែលត្រូវរួមគ្នាដោះស្រាយ និងលុបបំបាត់ចេញពីកម្ពុជា។

សម្ដេចធិបតីមានប្រសាសន៍ថា វិធានគន្លឹះទាំង ៥ ដែលសម្ដេចបានដាក់ចេញ ក្នុងនោះមានវិធានមួយទាក់ទងនឹងភូមិ ឃុំ មានសុវត្ថិភាព និងការដាក់ទិសដៅផ្ដោតទៅលើការបង្ក្រាបគ្រឿងញៀន ដែលវិធានការគន្លឹះទាំងនេះ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់។

ក្នុងឱកាសនេះ សម្ដេចធិបតីបានថ្លែងអំណរគុណទៅដល់សមត្ថកិច្ចពាក់ព័ន្ធ ដែលកន្លងមកនេះ បានអនុវត្តសកម្មភាពបង្ក្រាបគ្រឿងញៀននេះ បានលទ្ធផលល្អជាបន្តបន្ទាប់។ ប៉ុន្ដែនៅថ្ងៃនេះសម្ដេចធិបតីបានដាក់ចេញនូវគោលការណ៍បន្ថែម គឺត្រូវបន្សុទ្ធកម្លាំង ដោយបោសសម្អាតគ្រឿងញៀន ចេញពីកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលរឿងនេះគឺត្រូវតែធ្វើមុនគេ ពីព្រោះអ្នកអនុវត្តច្បាប់ត្រូវតែស្អាតមុនគេ ដើម្បីឈានទៅលុបបំបាត់គ្រឿងញៀនចេញពីកម្ពុជា ៕