សម្តេចធិបតី នាយករដ្ឋមន្ត្រី បញ្ជាឱ្យអនុវត្តច្បាប់ភ្លាមៗ ចំពោះករណីបទល្មើសជាក់ស្ដែង។

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាឱ្យសមត្ថកិច្ចអនុវត្តច្បាប់ ត្រូវអនុវត្តច្បាប់ភ្លាមៗ ចំពោះករណីបទល្មើសជាក់ស្ដែង ជាពិសេសករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឱ្យមនុស្សស្លាប់ ដោយមិនត្រូវរង់ចាំគោលការណ៍នោះទេ។

សម្ដេចធិបតី បានចេញបទបញ្ជា ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ ពិធីបិទសន្និបាតការងារបរិស្ថានឆ្នាំ២០២៣ និងទិសដៅការងារបន្តឆ្នាំ២០២៤ កាលពីរសៀលថ្ងៃទី២១ ខែធ្នូនេះថា កន្លងទៅមានករណីគ្រោះថ្នាក់ចរាចរណ៍ជាដើម ដែលបណ្ដាលឱ្យមានមនុស្សស្លាប់ គឺសមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់ត្រូវចាត់វិធានការភ្លាមៗលើករណីនេះ ដោយមិនត្រូវរង់ចាំគោលការណ៍អ្វីទៀតនោះទេ គឺត្រូវតែឃាត់ខ្លួនជនល្មើសតែម្ដង។

សម្ដេចធិបតីបញ្ជាក់ថា ចំពោះករណីបទល្មើសជាក់ស្ដែងបែបនេះ សមត្ថកិច្ចត្រូវតែអនុវត្តច្បាប់ មិនត្រូវខ្លាច ខ្នង ឬគ្មានខ្សែណាមកអន្តរាគមនោះទេ ពីព្រោះខ្នងរបស់សមត្ថកិច្ចគឺនាយករដ្ឋមន្រ្ដី។

សូមជម្រាបថាក្នុងពេលថ្មីៗនេះ មានករណីបទល្មើសជាក់ស្ដែងមួយចំនួនបានកើតឡើង ជាពិសេសបទល្មើសគ្រោះថ្នាក់ចរាចរណ៍នៅរាជធានីភ្នំពេញ ដែលបង្កឡើងដោយបុគ្គលមានអំណាចមួយចំនួនតូច បណ្ដាលឱ្យមានមនុស្សស្លាប់ ករណីនេះសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវឃាត់ខ្លួនជនបង្កមកផ្ដន្ទាទោសទៅតាមច្បាប់៕