លោក ហេង សួរ ចំណាយពេលហូបបាយ ថ្ងៃដំបូងជារដ្ឋមន្ត្រីក្រសួងការងារ ជាមួយកម្មករជាង៣ពាន់នាក់

ភ្នំពេញៈ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ជាថ្ងៃដំបូងក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ ក្នុងឱកាសចុះជួបជាមួយនឹងកម្មករកម្មការិនីដោយមិនបានប្រាប់ជាមុននេះ ។ ការគ្រងតំណែងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានបង្ហាញសកម្មភាពរបស់លោកជាមួយនឹងកម្មករកម្មការិនី ប្រមាណជាង ៣ ពាន់នាក់ ក្នុងរោងចក្រផលិតស្បែកជើង ម៉េងដា ហ្វូតវៀ ក្នុងសង្កាត់ចោមចៅ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក ហេង សួរ បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកលោកថា៖ «ថ្ងៃដំបូងបានមកមើលសកម្មភាពផលិតស្បែកជើង និងបានហូបបាយជាមួយបងប្អូនកម្មករនិយោជិត ដែលធ្វើការនៅរោងចក្រផលិតស្បែកជើង ម៉េងដា ហ្វូតវៀ នៅផ្លូវវេងស្រេង»។ លោកបានបញ្ជាក់ដែរថា៖ «ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួង ត្រូវចុះជួបកម្មករឱ្យញឹកញាប់ ដើម្បីដឹងពីការលំបាក និងរួមគ្នាដោះស្រាយ»។

បច្ចុប្បន្នរោងចក្រនេះមានកម្មករនិយោជិតសរុបជាង ៣ពាន់នាក់ ក្នុងនោះមានកម្មការិនី ដែលកំពុងមានផ្ទៃពោះចំនួន ១៦០នាក់ និងជនដែលមានពិការភាពចំនួន ៤៣នាក់។ «បងប្អូនកម្មករនិយោជិតនៅទីនេះធ្លាប់ជួបជាមួយ សម្តេចពុក ហ៊ុន សែន កាលពីឆ្នាំ ២០១៨ ហើយបងប្អូនដែលជារដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម ក៏ធ្លាប់បានជួបជាមួយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីខែឧសភា ឆ្នាំ២០២៣ នេះផងដែរ»។

លោករដ្ឋមន្ត្រីការងារថ្មី បានថ្លែងទៀតថា៖ «បងប្អូនដែលខ្ញុំបានជួប គឺនឹករឭកដល់ សម្តេចពុក ហ៊ុន សែន ហើយចងចាំជានិច្ចនូវរូបភាពដ៏ស្និទ្ធស្នាល និងកក់ក្ដៅ ដែលសម្តេចពុកបានចុះជួបបងប្អូនកម្មករនាពេលកន្លងទៅ។ បងប្អូនក៏រំពឹងថានឹងបានជួប បងប្រុស ហ៊ុន ម៉ាណែត ដ៏ស្វាហាប់ ម៉ឺងម៉ាត់»។ ការពិសាអាហារជាមួយកម្មករកម្មការិនី ដោយភាពស្និទ្ធស្នាលផងដែរ ដោយលោកបានលើកឡើងដែរថា រសជាតិម្ហូបនៅរោងចក្រនេះគឺឆ្ងាញ់ និងមានអនាម័យល្អ អាចទទួលយកបានជាគំរូមួយ។

ជាមួយគ្នានោះ លោកក៏បានសង្កត់ធ្ងន់ដោយស្នើឱ្យថ្នាក់ដឹកនាំ និងមន្ត្រីក្រសួង រួមទាំងអ្នកគ្រប់គ្រងរោងចក្រនីមួយៗ ត្រូវចុះមកជួប និងហូបបាយជាមួយកម្មករឱ្យបានញឹកញាប់ ដើម្បីសាករសជាតិម្ហូប លក្ខខណ្ឌអនាម័យ និងរកវិធីសាស្ត្រកែលម្អឱ្យកាន់តែប្រសើរ ឬយកធ្វើជាគំរូទៅកន្លែងផ្សេង។

ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា នៅថ្ងៃទី២៣ ខែសីហា បានសម្តែងការគាំទ្រលោក ហេង សួរ ដែលទើបតែងតាំងថ្មី បានចុះជួប និងហូបអាហារជាមួយកម្មករកម្មការិនីនៅពេលនេះ។ លោកថា នេះជាការបង្ហាញពីភាពស្និទ្ធស្នាល និងការយកចិត្តទុកដាក់ ជួយទៅលើកកម្មករកម្មការិនី ស្របពេលដែលវិស័យមួយនេះ កំពុងតែជួបបញ្ហាប្រឈមមួយចំនួន។

លោកបន្តថា សកម្មភាពរបស់រដ្ឋមន្ត្រីថ្មីរូបនេះ នៅពេលនេះ នឹងបន្តធ្វើថែមទៀត នៅពេលបន្តបន្ទាប់ទៀត ដើម្បីបង្ហាញភាពកក់ក្តៅ និងការយចិត្តទុកដាក់ជួយដោះស្រាយលើកម្មករកម្មការិនីដែលជួបបញ្ហាអត់ការងារធ្វើ និងការរំលោភបំពានការងារផ្សេងៗទៀត។ «វាជាឱកាសមួយដើម្បីឱ្យ គាត់ (ហេង សួរ) បានស្វែងយល់ពីស្ថានភាពរបស់បងប្អូនកម្មករ និងប្រមូលយកនូវបញ្ហាផ្សេងៗរបស់កម្មករ យកមកដោះស្រាយ នៅពេលដែលមានការស្នើសុំ។ មិនត្រឹមតែប៉ុណ្ណោះ ក៏វាបង្ហាញភាពស្និទ្ធស្នាល និងទំនាក់ទំនងរវាងថ្នាក់ដឹកនាំក្រសួង និងបងប្អូនកម្មការិនីដោយផ្ទាល់ដែរ»៕