ប្រេងម៉ាស៊ីនក្លែងក្លាយម៉ាក់TOTAL និងTRA CHANG សមត្ថកិច្ចសម្រេចបិទឃ្លាំងមួយកន្លែង
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០២៣នេះ សមត្ថកិច្ចនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ បានសម្រេចបិទឃ្លាំងមួយកន្លែងស្ថិតនៅភូមិ ឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បន្ទាប់ពីរកឃើញថាឃ្លាំងមួយនេះបានលួយវេចខ្ចប់ និងផលិតប្រេងម៉ាស៊ីនក្លែង ក្លាយម៉ាក TOTAL និង TRA CHANG។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានចុះប្រតិបត្តិការផ្ទាល់នោះបានឲ្យដឹងថា ក្រោមការបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិ បញ្ញាក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ដោយ លោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងគ្មានលេខផ្លូវ១០០៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធករណី កែច្នៃ វេចខ្ចប់ ស្តុក ចែកចាយ ប្រេងម៉ាស៊ីន ម៉ាក TOTAL និង TRA CHANG ក្លែងក្លាយ ។
របាយការណ៍បានបញ្ជាក់ទៀតថា ក្រោយធ្វើការឆែកឆេរត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចបានរកឃើញនូវសម្ភារបំរើឲ្យការងារវេចខ្ចប់ប្រេងម៉ាស៊ីនក្លែងក្លាយជាច្រើន ដូចជាសំបកពុយ សំបកធុង សំបកកេស សំបកដប តែមប្រិ៍ ស្ទ័គឃ័រ រូមនឹងឧបករណ៍សម្រាប់ច្រក ចំនួន០២ ព្រមទាំងប្រេងម៉ាស៊ីនច្រករួចប្រមាណជិត ៣០០កេស ដែលសរុបទាំងអស់ប្រមាណ ជាង ១២តោន ។
បន្ទាប់ពីធ្វើការត្រួតពិនិត្យ លោកព្រះរាជអាជ្ញារង បានសម្រេចឲ្យសមត្ថកិច្ច ធ្វើការដកហូតសម្ភារទាំងអស់ខាងលើ ដោយរក្សាទុកនៅក្នុងឃ្លាំងដាក់សម្ភារនៃទីតាំងខាងលើ និងបិទផ្លំបេរផ្អាកដំណើរការទីតាំងជាបណ្តោះអាសន្ន ដើម្បីធ្វើការពិនិត្យស្រាវជ្រាវបន្ត ។ ដោយចំពោះម្ចាស់ទីតាំង ២នាក់ស្រីម្នាក់ ប្រុសម្នាក់ត្រូវបាននាំទៅបំភ្លឺ នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្នើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី។
សូមបញ្ជាក់ថា ប្រតិបត្តិការនេះបានធ្វើឡើងបន្ទាប់ពីធ្វើការស៊ើបអង្កេតស្រាវជ្រាវរបស់សមត្ថកិច្ចអស់រយៈពេល២ខែមកហើយ ក្រោយមានតាមពាក្យបណ្តឹងរបស់ក្រុម Tilleke & Gibbins (Cambodia) Ltd. ដែលជាក្រុមហ៊ុនតំណាងឲ្យក្រុមហ៊ុន TotalEnergies៕