ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងទៅបំពេញព្រះរាជទស្សនកិច្ចនៅខេត្ត Fujian ប្រទេសចិន
ភ្នំពេញ៖ នាវេលាព្រឹកថ្ងៃទី១៩ ខែធ្នូនេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ ស្តេចយាងចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីស្តេចយាងទៅបំពេញព្រះរាជទស្សនកិច្ចរយៈពេល ៣ថ្ងៃនៅខេត្ត Fujian នៃសាធារណរដ្ឋប្រជាមានិតចិន។
អញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណា ព្រះមហាក្សត្រ ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើនាយករដ្ឋមន្ត្រី. សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ មានឋានៈស្មើនាយករដ្ឋមន្ត្រី ព្រមទាំងវត្តមានសម្តេច ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី ព្រះរាជវង្សានុវង្ស និង មន្ត្រីអ្នកមុខ អ្នកការនៃរាជរដ្ឋាភិបាលមួយចំនួនទៀត។
យោងតាមព្រះរាជសារដែលឡាយព្រះហត្ថលេខាកាលពីថ្ងៃទី១៨ធ្នូ របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិ មានព្រះរាជខ្លឹមសារថា ព្រះអង្គសូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្តេចព្រះមហាសង្ឃរាជ ទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេស នៅថ្ងៃទី១៩-២០-២១ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីយាងបំពេញព្រះរាជទស្សនកិច្ចនៅខេត្ត Fujian នៃសាធារណរដ្ឋប្រជាមានិតចិន ។
នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គ សម្តេចវិបុល សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលជួយព្រះអង្គក្នុងឋានៈជា ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ។
ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក៏ បានថ្វាយព្រះពរចំពោះសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សូមប្រគេនពរព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ សូមបានប្រកប តែនឹងព្រះពុទ្ធពរគ្រប់ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា-ចិន គឺជាទំនាក់ទំនងជាយុទ្ធសាស្រ្តមួយ ដែលកើតចេញ និងរីកចម្រើនឡើងជាលំដាប់ ដោយកត្តាប្រវត្តិសាស្រ្ត ភូមិសាស្រ្តនយោបាយ និង សេដ្ឋកិច្ច ហើយក៏ជាកត្តាដែលទាញភ្ជាប់ប្រទេសទាំងពីរឱ្យខិតរកគ្នាដែលផ្តល់នូវផលប្រយោជន៍ជាច្រើនឱ្យគ្នាទៅវិញទៅមក ហើយតាមរយៈព្រះរាជទស្សនកិច្ចរបស់ព្រះករុណា ព្រះមហាក្សត្រខ្មែរទៅកាន់ខេត្តFujian នៃសាធារណរដ្ឋប្រជាមានិតចិននៅពេលនេះនឹងនាំមកនូវផ្លែផ្កាជាវិជ្ជមាន នៃកិច្ចសហប្រតិបត្រិការលើវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម កាន់តែរីកចម្រើនបន្ថែមទៀត៕