យោធាអ៊ីស្រាអែលសម្លាប់ស្ត្រីកាន់សាសនាគ្រិស្ត ២នាក់ ក្នុងទីក្រុងហ្កាហ្សា សម្តេចប៉ាប ហ្វ្រង់ស៊ីស ថ្កោលទោសអំពើភេរវកម្ម។
បរទេស៖ សម្តេច ប៉ាប ហ្វ្រង់ស៊ីស បានថ្កោលទោសអំពើភេរវកម្ម ខណៈដែលបានស្តីបន្ទោសការសម្លាប់ស្ត្រីគ្រិស្តសាសនិកពីរនាក់ដែលត្រូវបានបាញ់សម្លាប់ដោយ «ចេតនា» ពេលកំពុងជ្រកកោន នៅព្រះវិហារកាតូលិក ក្នុងទីក្រុងហ្កាហ្សា ដែលត្រូវបានចោទប្រកាន់ថា អ្នកបាញ់ស៊ីប គឺនៅក្នុងជួរយោធាអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ។
សម្តេចប៉ាប បានមានព្រះបន្ទូលថា៖ «អ្នកខ្លះ និយាយថា នេះជាអំពើភេរវកម្ម និងសង្គ្រាម។ «បាទ វាគឺជាសង្រ្គាម។ វាគឺជាភេរវកម្ម»។
ការចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ពីសម្តេចសង្ឃនៃទីក្រុងហ្ស៊េរុយសាឡឹម ដោយអះអាងថាអ្នកបាញ់ស៊ីបម្នាក់ នៅក្នុងកងកម្លាំងការពារអ៊ីស្រាអែល «បានសម្លាប់ស្ត្រីកាន់សាសនាគ្រិស្តពីរនាក់ នៅខាងក្នុងវិហារគ្រួសារបរិសុទ្ធ នៅតំបន់ហ្សា ជាកន្លែងដែលគ្រួសារគ្រិស្តភាគច្រើន បានភៀសខ្លួន ចាប់តាំងពីសង្គ្រាមចាប់ផ្តើម»។
សម្តេចប៉ាប ហ្វ្រង់ស៊ីស បានថ្លែងសុន្ទរកថាអំពីការបាញ់ប្រហារកាលពីថ្ងៃអាទិត្យ ខណៈពេលកំពុងមានព្រះបន្ទោលទៅកាន់អ្នកធ្វើធម្មយាត្រា ដែលបានប្រមូលផ្តុំគ្នានៅទីលាន St. Peter’s ដោយលើកឡើងអំពីឧប្បត្តិហេតុនេះ ខណៈដែលអ៊ីស្រាអែល កំពុងប្រឈមមុខនឹងការខឹងសម្បាកាន់តែខ្លាំងឡើង នៅទូទាំងពិភពលោក ដោយសារតែចំនួនជនស៊ីវិលប៉ាឡេស្ទីនស្លាប់យ៉ាងច្រើន ចំពេលមានសង្រ្គាមជាមួយក្រុមហាម៉ាស៕