ថ្ងៃនេះ តំបន់ភាគពាយ័ព្យប្រទេសចិន មានរញ្ជួយដីបង្កឱ្យស្លាប់មនុស្សច្រើនជាង១០០នាក់ និងរងរបួសច្រើននាក់ផ្សេងទៀត ។
ចិន៖ នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែធ្នូនេះ មានការរញ្ជួយដីមួយបានកើតមានឡើង នៅក្នុងតំបន់ភាគពាយ័ព្យប្រទេសបង្កឱ្យមនុស្សស្លាប់ច្រើនជាង១០០នាក់ ខណៈអ្នករងរបួសអាចនឹងកើនឡើងខ្ពស់ជាងការរំពឹងទុកទៅទៀត ដោយយោងតាមបណ្តាញផ្សព្វផ្សាយរបស់រដ្ឋចិនបានរាយការណ៍ឱ្យដឹង។
ប្រភពដដែលបានឱ្យដឹងបន្ថែមទៀតថា ការរញ្ជួយដីនេះបង្កឱ្យអគារ និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋជាច្រើនខ្នងត្រូវដួលរលំ ដែលជំរុញឱ្យមនុស្សម្នាត្រូវរត់ចេញពីផ្ទះសម្បែងរបស់ពួកគេមកតាមដងផ្លូវទំាងព្រឹកព្រលឹម នៅថ្ងៃអង្គារនេះ ស្របពេលដែលក្រុមអ្នកជួយសង្គ្រោះនៅតែបន្តរុករកជនរងគ្រោះ ដែលកប់នៅក្រោមគំនរបាក់បែកនៃអគារនៅឡើយ ។
កំរិតនៃការញ័ររញ្ជួយនេះមានទំហំប្រមាណជា៥.៩តាមរង្វាស់រិចទ័រ បង្កឱ្យប៉ះពាល់ខ្លំាងដល់ខេត្ត ហ្គាន់ស៊ូ ដែលស្ថិតនៅជាប់នឹងព្រំដែនជាមួយនឹងខេត្តហ្គីនហៃ ស្ថិតនៅភូមិភាគពាយ័ព្យប្រទេសចិនបើឱ្យដឹងផ្អែកតាមភូគព្ភសាស្រ្តជាតិអាមេរិកបានផ្សាយ ។ ចំណែកចរន្តអគ្គិសនី និងប្រព័ន្ធផ្គត់ផ្គង់ទឹកប្រើប្រាស់សម្រាប់អ្នកស្រុកនៅតំបន់នោះទំាងមូល រងការខូចខាតនិងកាត់ផ្តាច់ទំាងស្រុង នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហ៊ួ ។
សូមរំលឹកផងដែរថា កាលពីខែកញ្ញា ឆ្នំា២០២២កន្លងទៅ ក៏ធ្លាប់មានរញ្ជួយដីដែរ កាលណោះមានកំរិត៦.៦តាមរង្វាស់រិចទ័រ នៅក្នុងខេត្តស៊ីឈួន បង្កឱ្យស្លាប់មនុស្សជិត១០០នាក់។ កាលពីឆ្នំា២០០៨កន្លងទៅ ក៏ធ្លាប់មានប្រវត្តិរញ្ជួយដីនៅក្នុងប្រទេសចិន ហើយពេលនោះមានកំរិតញ័រប្រមាណជា៧.៩តាមរង្វាស់រិចទ័រ បង្កឱ្យស្លាប់មនុស្ស៨៧,០០០នាក់ រាប់ទំាងសិស្សសាលាប្រមាណជា៥,៣៣៥ផងដែរ៕ ប្រភព៖ AFP