ហេតុការណ៍ផ្ទុះឃ្លាំងស្តុកប្រេងឥន្ធនៈ យ៉ាងហោចណាស់ ស្លាប់ ៨នាក់ និងរបួស ៨៤នាក់ នៅហ្គីណេ។

ហ្គីណេ៖ យ៉ាងហោចណាស់មនុស្ស ៨នាក់ បានស្លាប់ និង ៨៤នាក់បានរងរបួស បន្ទាប់ពីមានការផ្ទុះនៅស្ថានីយប្រេងមួយ ក្នុងរដ្ឋធានី Conakry របស់ប្រទេសហ្គីណេ កាលពីព្រឹកថ្ងៃចន្ទ ទី១៨ ខែធ្នូកន្លងមកនេះ ដោយបន្ថែមថា អគ្គិភ័យកំពុងស្ថិតក្រោមការគ្រប់គ្រង បើតាមការលើកឡើងពីមន្ត្រីនគរបាលជាន់ខ្ពស់មួយរូប ។

ចំហេះដ៏សន្ធោសន្ធៅ និងសំណុំផ្សែងខ្មៅដ៏ក្រាស់ឃ្មឹក ត្រូវបានថតជាប់តាមវីដេអូពីចម្ងាយ ស្របពេលអ្នកពន្លត់អគ្គិភ័យ បានប្រញាប់ប្រញាល់ទៅកាន់តំបន់នោះ ខណៈដែលរថយន្តដឹកប្រេងជាច្រើនគ្រឿង បានចាកចេញពីឃ្លាំងស្តុក ដោយមានទាហាន និងនគរបាលអមដំណើរ។

ការផ្ទុះនៅស្ថានីយប្រេងធំរបស់ប្រទេសអាហ្វ្រិកខាងលិចមួយនេះ បានអង្រួនសង្កាត់រដ្ឋបាល Kaloum ក្នុងទីក្រុង Conakry ដោយបានធ្វើឲ្យបង្អួចផ្ទះជាច្រើននៅក្បែរនោះប៉ើងធ្លាក់ និងបង្ខំឲ្យមនុស្សរាប់រយនាក់រត់គេចខ្លួន បើតាមសាក្សីរបស់សារព័ត៌មាន Reuters បានឲ្យដឹង ។

នៅល្ងាចថ្ងៃចន្ទនេះ គេនៅតែឃើញសំណុំផ្សែងដ៏ក្រាស់ និងអណ្តាតភ្លើងខ្លះៗ បន្ទាប់ពីអ្នកពន្លត់អគ្គិភ័យបានគ្រប់គ្រងចំហេះនោះ។ រដ្ឋាភិបាលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ដើមហេតុ ដែលនាំឲ្យមានអគ្គិភ័យនេះ មិនទាន់ត្រូវបានគេដឹងនៅឡើយទេ ដោយបន្ថែមថា ការស៊ើបអង្កេត នឹងត្រូវចាប់ផ្តើមធ្វើ៕