ប្រសាសន៍របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
ខ្ញុំពិតជាមានកិត្តិយសបំផុត ដែលឈរនៅទីនេះដោយមោទនភាពជាមួយសមាជិក សហភាពសហព័ន្ធយុវជនកម្ពុជាដើម្បីប្រារព្ធខួប ៤៥ ឆ្នាំរបស់ខ្លួនតាមរយៈការប្រគំតន្រ្តី «កម្ពុជាក្នុងបេះដូងខ្ញុំ»។ ក្រោមប្រធានបទ “១) ភាសាបេះដូងជូនដូនតា ២) គំរូវីរភាពរបស់ថ្នាក់ដឹកនាំ និង ៣) ក្តីស្រឡាញ់សម្រាប់កម្ពុជា”។ ក្នុងនាមជាសមាជិកម្នាក់របស់ស.ស.យ.ក. ខ្ញុំមានមោទនភាពក្រៃលែង ចំពោះសមិទ្ធផលជាច្រើន ដែលយើងទាំងអស់គ្នាសម្រេចបានរួមគ្នា ក្នុងអំឡុងពេលកន្លងមកនេះ។ ប្រាកដណាស់ ភាពជោគជ័យទាំងអស់នេះ មិនអាចសម្រេចទៅបានឡើយ ប្រសិនបើគ្មានឱកាស និងជំនឿទុកចិត្ត ដែលផ្តល់ដោយថ្នាក់ដឹកនាំរបស់យើង ដោយរាជរដ្ឋា ភិបាលកម្ពុជា ដោយដៃគូសហការទាំងរដ្ឋ និងឯកជន និងស្ថាប័នមិនមែនរដ្ឋាភិបាលទាំង ថ្នាក់ជាតិ និងអន្តរជាតិ ក៏ដូចជាទំនុកចិត្តរបស់មាតាបិតា អាណាព្យាបាលរបស់យុវជន និងប្រជាជនខ្មែរគ្រប់រូប ជាពិសេសនោះ គឺការតាំងចិត្ត ការលះបង់ និងបេះដូងរបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក គ្រប់រូប នៅទូទាំងប្រទេស។ ផលទាំងនេះ គឺជារបស់អ្នកទាំងអស់គ្នា ស្មើៗគ្នា។
ខ្ញុំសូមអរគុណ ជូនចំពោះថ្នាក់ដឹកនាំ និង សមាជិក សមាជិកា ស.ស.យ.ក. គ្រប់រូបនៅទូទាំងប្រទេស, សូមអរគុណ ចំពោះការតាំងចិត្ត និងបេះដូង, ចំពោះកិច្ចខិតខំ ប្រឹងប្រែង ការលះបង់ ទាំងពេលវេលា និងកម្លាំងកាយចិត្ត ក្នុងការតបស្នងទៅជាតិ និង ប្រជាជនកម្ពុជា។ អ្នកទាំងអស់គ្នា ជាភាពអស្ចារ្យរបស់ ស.ស.យ.ក. ហើយអ្នកទាំងអស់គ្នា ត្រូវដឹងថា មិនថានៅទីណា ពេលណា សុមិទ្ធផល និងភាពជោគជ័យរបស់ ស.ស.យ.ក. គឺ ជាកម្មសិទ្ធិរបស់អ្នកទាំងអស់គ្នា ស្មើៗគ្នា។ ការលះបង់ និងសកម្មភាពរបស់សមាជិក សមាជិកានីមួយៗ គឺជាគំរូ និងកម្លាំងចិត្តសម្រាប់យុវជនកម្ពុជាជំនាន់ក្រោយ។ ចូរយើងបន្តរួមដំណើរ ទាំងអស់គ្នា ក្នុងនាមជាគ្រួសារ ស.ស.យ.ក. ឆ្ពោះទៅកាន់ព្រះរាជាណាចក្រកម្ពុជា ដែល កាន់តែត្រចះត្រចង់សម្រាប់ប្រជាជនជំនាន់ក្រោយ។
បន្ថែមពីលើនេះ ចំពោះសង្គមកម្ពុជា ស.ស.យ.ក បានតម្កល់បេសកកម្មរបស់ខ្លួនក្នុង ការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត ដោយសូមប្ដេជ្ញាចូលរួមថែរក្សា និងកសាងសង្គមកម្ពុជាមួយ ប្រកបដោយភាពកក់ក្តៅ, សង្គមមួយដែលប្រកបដោយភាពសុខដុម, សង្គមមួយដែលចេះ ជួយយកអាសារគ្នា ចេះយោគយល់ អធ្យាស្រ័យ និងស្រឡាញ់រាប់អានគ្នា។ ប្រាកដណាស់ ការសម្រេចបាននូវបេសកកម្មនេះ ត្រូវការជាចាំបាច់នូវការជួបជុំ ជាលក្ខណៈមហាគ្រួសារខ្មែរជាប្រចាំ មិនថា តាមរយៈបុណ្យចូលឆ្នាំប្រពៃណីជាតិ បុណ្យភ្ជុំបិណ្ឌ បុណ្យអុំទូក ពិធីផ្សេងៗទៀត ឬការបណ្តុះមនសិការសង្គម និងការរួបរួមតាមរូបភាព ណាមួយនោះឡើយ ដែលការជួបជុំទាំងនេះ សុទ្ធសឹងជាមូលដ្ឋានគ្រឹះនៃការកសាង ភាតរភាព និងភាពសុខដុមរបស់សង្គមជាតិ ដែលយើងទាំងអស់គ្នាត្រូវបន្តថែរក្សា ការពារ និងកសាងបន្ថែមឲ្យបានដើម្បីទុកជាសមិទ្ធផលបន្ថែមទៀតដល់កូនចៅយើងជំនាន់ក្រោយ។
ខ្ញុំសូមប្រកាសជាឱឡារឹកថាស.ស.យ.ក. នឹងរក្សាការប្តេជ្ញាចិត្ត ការដាក់ ក្នុងបេះដូង និងការរក្សាឆន្ទៈដោយមោះមុត ក្នុងការតបស្នងជូនជាតិ និងប្រជាជនរបស់យើង ព្រោះថា៖ កម្ពុជាក្នុងបេះដូងខ្ញុំ កម្ពុជាតែងតែនៅក្នុងបេះដូងយើងជានិច្ច យើងជឿជាក់លើកម្ពុជា កម្ពុជាតែមួយគត់ កម្ពុជាដំបូងបំផុត កម្ពុជារៀងរហូតដល់ដំណាក់កាលចុងក្រោយរបស់ខ្ញុំ!