រយៈពេល ២ ថ្ងៃ អធិការរដ្ឋាននគរបាលស្រុកចិត្របុរី បានចុះបង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់ ចំនួនពីរកន្លែង នៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

ក្រចេះ៖ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ ដើម្បីឆ្លើយតបតាមគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព បានបញ្ជាឲ្យ កម្លាំងជំនាញនៃអធិការរដ្ឋាននគរបាលស្រុកចិត្របុរី សហការជាមួយនឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំបុក បានចុះបង្ក្រាបកន្លែងល្បែងស៊ីសងខុសច្បាប់ចំនួនពីរកន្លែងនៅក្នុងភូមិសាស្រ្តនិងភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

កម្លាំងអធិការស្រុកចិត្របុរី សហការជាមួយនគរបាលរដ្ឋបាលឃុំសំបុក បានចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់មួយកន្លែងនៅចំណុចក្នុងរោងចំការដាំស្មៅ របស់ម្ចាស់ឈ្មោះ អេង រ៉ា ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិស្រែតាហែន ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង១៥ និង០០នាទី ម្សិលម៉ិញនេះ ។

គូសបញ្ជាក់ដែរថា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកចិត្របុរី បានសហការជាមួយកម្លាំងប៉ុស្តិនគរបាល សំបុក ដដែល បានចុះបង្រ្កាបទីតាំងជល់មាន់មួយកន្លែងផ្សេងទៀត នៅចំណុចក្នុងព្រៃទល់មុខវត្តសំបុក ចម្ងាយប្រហែល ៨០០ម៉ែត្រ ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

ពេលកម្លាំងនគរបាលចុះទៅដល់អ្នកលេងល្បែងភ្នាល់ទាំងនោះដឹងខ្លួនមុនរត់គេចខ្លួនអស់ដោយបន្សល់ទុកនូវសម្ភារ:វត្ថុតាងរួមមាន៖
មាន់ជល់ចំនួន០១ក្បាល ,កន្រ្តកដាក់មាន់មកជល់ចំនួន០១, តង់របាំងសង្វៀនសម្រាប់ជល់មាន់ចំនួន០១ខ្សែ, ប្រវែង២៥ម៉ែត្រ , កំណាត់ឈើមូលសម្រាប់អង្គុយមើលគេជល់មាន់ចំនួន៣០កំណាត់ និងចម្រឹងឈើចំនួន១៥បង្គោល វត្ថុតាងខាងលើដុតបំផ្លាញចោលនៅកន្លែង៕