ការងារអទិភាពសម្រាប់អនុវត្ត ដើម្បីរក្សាលំនឹងជីវភាពរបស់ប្រជាជនរាជរដ្ឋាភិបាលអាណត្តិទី៧ ចាត់ទុកប្រព័ន្ធគាំពារសង្គម

ភ្នំពេញ​៖ នា​ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣​ បន្ទាប់ពី​ទទួលបាន​ការគាំទ្រ​ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានថ្លែង​ក្នុង​កិច្ចប្រជុំ រដ្ឋសភា នីតិកាល​ទី​៧ថា រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ នឹង​យក​ប្រព័ន្ធ​គាំពារ​សង្គម ជា​ការងារ​អទិភាព​សម្រាប់​អនុវត្ត ដើម្បី​ធានា​នូវ​សុវត្ថិភាព​សង្គម និង​លំនឹង​ក្នុងការ​រស់នៅ​របស់​ប្រជាជន ទាំង​នាបច្ចុប្បន្ន ក៏ដូចជា​ទៅ​អនាគត​។

ឯកឧត្តម​កិត្តិ​ទេសាភិបាល​ថ្លែងថា «​កម្មវិធី​នយោបាយ​» របស់​រាជរដ្ឋាភិបាល ដែល​ត្រូវបាន​បង្ហាញជូន​រដ្ឋសភា និង​តាមរយៈ​រដ្ឋសភា ជូន​ដល់​ជនរួមជាតិ និង​សាធារណៈមតិ​ទូទៅ នាពេលនេះ​ឆ្លុះបញ្ចាំង​អំពី​គោលបំណង ឧ​ត្ត​ម​គតិ និង​ការប្តេជ្ញាចិត្ត​ដ៏​មោះមុត របស់​រាជរដ្ឋាភិបាល ក្នុងការ​ពុះពារ​បម្រើ​ជាតិ និង​ប្រជាជន ក្នុង​គ្រប់​កាលៈទេសៈ ព្រមទាំង​បង្ហាញ​ច្បាស់​អំពី​ចក្ខុវិស័យ និង​គោលនយោបាយ​លើ​គ្រប់​វិស័យ របស់​រាជរដ្ឋាភិបាល ដើម្បី​បន្ត​ការពារ និង​កសាង​មាតុភូមិ ឆ្ពោះទៅរក​អនាគត​មួយ​ដ៏​រុងរឿង ស្របតាម​ឆន្ទៈ និង​បំណងប្រាថ្នា​របស់​ប្រជាជន​។

​ឯកឧត្តម​កិត្តិ​ទេសាភិបាល​បញ្ជាក់ថា តាមរយៈ​ការដាក់​«​កម្មវិធី​នយោបាយ​» ក្នុង​អាណត្តិ​ទី​៧​នេះ រាជរដ្ឋាភិបាល​នឹង​ធានា​នូវ​សុវត្ថិភាព​សង្គម និង​លំនឹង​ក្នុងការ​រស់នៅ​របស់​ប្រជាជន​ទាំង​នាបច្ចុប្បន្ន ក៏ដូចជា​ទៅ​អនាគត តាមរយៈ​ការអភិវឌ្ឍ និង​ការពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម ដែល​រួមបញ្ចូល​នូវ របប​ជំនួយ​សង្គម និង របប​សន្តិសុខ​សង្គម ប្រកបដោយ​ប្រសិទ្ធភាព និង​ចីរភាព ដែល​ជួយ​គាំពារ​ប្រជាជន​គ្រប់រូប​ជាពិសេស គ្រួសារ​ក្រីក្រ ក្រុម​ជន​ងាយ​រងគ្រោះ និង គ្រួសារ​ងាយ​រង​ហានិភ័យ ពី​គ្រោះអាសន្ន និង​វិបត្តិ​នានា ដោយ​មិន​ទុកឱ្យ​ប្រជា​ជនណាម្នាក់​ទទួលរង គ្រោះ​ដោយ​មិនមាន​ការយកចិត្តទុកដាក់​នោះឡើយ ។​

ឯកឧត្តម​កិត្តិ​ទេសាភិបាល​ឲ្យ​ដឹងថា «​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​» ដែលជា​ការសន្យា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជូន​ដល់​ប្រជាពលរដ្ឋ នៅមុន​ការបោះឆ្នោត ហើយ​ដែល​ខ្ញុំ​បានដាក់​ជូន​អង្គ​រដ្ឋសភា​ដ៏​ឧត្តុង្គឧត្តម នាពេលនេះ ពិសេស ដោយ​ផ្តោត​ការយកចិត្តទុកដាក់​លើ កម្មវិធី​គោលនយោបាយ ជា​អាទិភាព ទាំង​៦ ដែល​នឹង​ត្រូវបាន​ដាក់ឱ្យ​ចាប់ផ្តើម​អនុវត្ត​ភ្លាមនៅក្នុង​ឆ្នាំ២០២៣​នេះរួមមាន​៖

១៖ ការពង្រីក​សេវា​ថែទាំ​សុខភាព​ឆ្ពោះទៅរក​ការ​គ្របដណ្តប់​សុខភាព​ជាស​កល

​២៖ ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស ជូន​ដល់​យុវជន​មកពី គ្រួសារ​ក្រីក្រ និង គ្រួសារ​ងាយ​រង​ហានិភ័យ នៅ​ទូទាំងប្រទេស​។

៣៖ ការធ្វើ​ស្ថាបនូបនីយកម្ម​កម្មវិធី​ជាតិ​ជំនួយ​សង្គម សម្រាប់​គ្រួសារ​ក្រីក្រ​, ក្រុម​ជនងាយ​រងគ្រោះ​នៅក្នុង​គ្រួសារ​ក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ នៅក្នុង​គ្រា​មាន​វិបត្តិ​សេដ្ឋកិច្ច និងគ្រា​មាន​គ្រោះអាសន្ន​។

៤៖ ការដាក់ចេញ និងការជំរុញ​អនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឱ្យមានលទ្ធភាព​ចូលរួម​ក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ និងអាច​ទទួលបាន​ផលប្រយោជន៍​ពី​ប្រព័ន្ធគាំពារ​សង្គម​ផ្លូវការ​

៥៖ ការដាក់ចេញ​នូវ​យន្តការ​សម្របសម្រួល និង កម្មវិធី​ហិរញ្ញប្បទាន សំដៅ​លើក ស្ទួយ​ផលិតកម្ម​ រក​ទីផ្សារនឹងរក្សា​លំនឹង​ថ្លៃ​កសិផល​សំខាន់ៗក្នុង​កម្រិត​សមរម្យ

៦៖ ការដាក់​ពង្រាយ​មន្ត្រី​បច្ចេកទេស​កសិកម្ម​ទៅគ្រប់​ឃុំ​-​សង្កាត់ ដែលមានសកម្មភាព​កសិកម្ម នៅ​ទូទាំងប្រទេស និង ការរៀបចំ​ឱ្យមាន​សមាគម​កសិករ​នៅតាម​ទីជនបទ​៕