ចៅអធិការវត្តពុទ្ធមេត្តា និងពលរដ្ឋស្នើអាជ្ញាធរខេត្តឧត្តរមានជ័យ ជួយអន្តរាគមន៍ករណីមានការធ្វើរបងបិទផ្លូវរំលោភលើដីវត្ត។
ឧត្តរមានជ័យ៖ ព្រះតេជគុណ ផាន ញេ ចៅអធិការវត្តពុទ្ធមេត្តា ស្ថិតចំណុចភូមិរួតចំប៉ី សង្កាត់អូរស្មាច់ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងប្រជាពលរដ្ឋជាពុទ្ធបរិស័ទ បានស្នើដល់អាជ្ញាធរខេត្ត-ក្រុង ជួយពិនិត្យ និងអន្តរាគមន៍បើកផ្លូវឡើងវិញ ខណៈប្រជាពលរដ្ឋដែលជាម្ចាស់ដីចម្ការមួយកន្លែង បានធ្វើរបងបិទផ្លូវរំលោភចូលដីអូរប្រឡាយរបស់ដីចំណីវត្ត នៅផ្នែកខាងក្រោយ ពុំអាចឆ្លងកាត់បាន ។
ព្រះតេជគុណ ផាន ញេ មានសង្ឃដីកាថា កន្លងមកនៅទីអារាមធ្លាប់តែមានពុទ្ធបរិស័ទមកធ្វើបុណ្សទានរួចក៏បន្តដំណើរទៅលេងទឹកធ្លាក់នៅខាងក្រោយវត្ត ប៉ុន្តែមកដល់ពេលនេះវត្ត ស្ទើរតែដាច់ចង្ហាន់ម្តងៗ ដោយពុំមានពុទ្ធបរិស័ទមកធ្វើបុណ្យទាននោះទេ ព្រោះផ្លូវចូលវត្តត្រូវបានបិតរបងបណ្តាលឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ពលរដ្ឋដទៃទៀត ដែលប្រកបការងារដាំដំណាំត្រូវយកចេញមិនអាចដឹកយកកសិផលមកលក់នៅលើទីផ្សារបាននោះទេ។
លោកតា យាន ដែលជាចាស់ទុំ និងជាអាចារ្យនៅវត្តពុទ្ធមេត្តា បានរៀបរាប់ថា ដើមឡើយលោកតា បានលក់ដីដែលមានជម្លោះនេះទៅឲ្យម្ចាស់ចម្ការ ប៉ុន្តែដីនៅមាត់អូរនេះម្ចាស់ចម្ការខាងលើសុំដាំដំណាំអាស្រ័យផលស្រាប់តែមកដល់ពេលនេះ បានធ្វើរបងបិតផ្លូវរំលោភចូលដល់ដីចំណីវត្ត ដែលទុកចម្ងាយ៥ម៉ែត្រពីមាត់អូរនោះបន្តទៀត។លោកតាបន្តថា ផ្លូវនេះ ពីមុនមកពលរដ្ឋតែងតែឆ្លងកាត់ដឹកកសិផលចេញពីចម្ការ ដោយពុំមានការបិតផ្លូវនោះទេ។
ដោយឡែកប្រជាពលរដ្ឋដែលមានដីចម្ការនៅផ្នែកខាងក្នុងដែលកំពុងអាស្រ័យផលរាល់ថ្ងៃនោះ បានស្នើដល់អាជ្ញាធរ ជួយពិនិត្យ និងបើកផ្លូវនេះឡើងវិញ ព្រោះការបិតរបងផ្លូវនេះ ធ្វើឲ្យដំណាំកសិផលរបស់គាត់រួមទាំងអ្នកដទៃទៀតមិនអាចដឹកចេញយកមកលក់នៅខាងក្រៅបាននោះទេ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ធ្វើឲ្យពលរដ្ឋមានការលំបាកដោយសារមិនមានផ្លូវដឹកដំណាំចេញ។
ចំណែកពលរដ្ឋដែលជាម្ចាស់ដីចម្ការដែលបានធ្វើរបងបិទផ្លូវ បានអះអាងថា ដីរបស់គាត់មានប្លង់ទើបធ្វើរួចថ្មីៗ នៅចុងឆ្នាំ២០២៣នេះ ដោយមានការទទួលស្គាល់ពីអាជ្ញាធរចង់បិត ឬបើកផ្លូវនោះជាសិទ្ធរបស់គាត់។ ប៉ុន្តែប្លង់នោះ ពុំមានស្នាមផ្តិតមេដៃទទួលស្គាល់ពីប្រជាពលរដ្ឋ ដែលមានព្រំដីជិតគ្នានោះទេ ។ នេះបើតាមការឲ្យដឹងពីពលរដ្ឋដែលមានដីក្បែរនោះ។
លោក អ៊ុក ប៊ុនហេង ចៅសង្កាត់អូរស្មាច់ បានប្រាប់ថា ចំពោះជម្លោះការបិតផ្លូវរបងនៅចំណុចក្រោយវត្តពុទ្ធោមេត្តានេះ លោកក្នុងនាមអាជ្ញាធរមូលដ្ឋានបានហៅអ្នកពាក់ព័ន្ធទាំងអស់នោះមកធ្វើការសម្របសម្រួលគ្នាម្តងរួចហើយ ប៉ុន្តែនៅតែមិនត្រូវគ្នាដោយម្ចាស់ដី អះអាងថា ដីរបស់គេមានប្លង់កាន់កាប់។
ចំណែកលោក ផុន ចាន់នឹល អភិបាលក្រុងសំរោង បានឲ្យដឹងថា ករណីនេះ លោកនឹងកោះហៅភាគីជម្លោះទាំងសងខាងមកដោះស្រាយបញ្ហាប្រឈមនានានៅសាលាក្រុងនៅសប្តាហ៍ក្រោយ ដើម្បីសម្របសម្រួលរកដំណោះស្រាយណាមួយសមស្របអាចទទួលយកបានរវាងភាគីទាំងសងខាងដើម្បីបញ្ចប់បញ្ហា ។
គួរម្លឹកថា ពាក់ព័ន្ធបញ្ហាវិវាទដីធ្លី នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ប្រជាពលរដ្ឋ ស្នើសុំដល់អាជ្ញាធរមូលដ្ឋានដោះស្រាយ គឺអាជ្ញាធរមូលដ្ឋានចូលរួមដោះស្រាយប្រកាន់បក្ខពួកនិយម មិនប្រកបដោយតម្លាភាពត្រឹមត្រូវ បង្កឱ្យមានភាពស្មុគស្មាញរវៀងពលរដ្ឋ និងពលរដ្ឋ ដោះស្រាយមិនដាច់ស្រេចជូនប្រជាពលរដ្ឋ ដូច្នេះប្រជាពលរដ្ឋទទូចស្នើសុំដល់ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ជួយពិនិត្យមើលលើករណីមន្ដ្រីមូលដ្ឋាននៅសង្កាត់អូរស្មាច់មួយចំនួន កំពុងធ្វើឱ្យប្រជាពលរដ្ឋអស់ជំនឿជឿជាក់មកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក្នុងអាណត្តិថ្មីនេះ ៕