ការសន្យាពង្រីកការវិនិយោគបន្ថែមរបស់ ក្រុមហ៊ុនផលិតគ្រឿងបង្គុំអេឡិចត្រូនិករបស់ជប៉ុន នៅកម្ពុជា។

ភ្នំពេញ៖ អនុប្រធានប្រតិបត្តិក្រុមហ៊ុន Yazaki Corporation លោក កូ យ៉ាហ្សាគិ (Ko Yazaki) ដែលជាក្រុមហ៊ុន ផលិតគ្រឿងបង្គុំអេឡិចត្រូនិក បានថ្លែងអំណរគុណ និងកោតសសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងបានបង្កលក្ខណៈគ្រប់បែបយ៉ាងដល់ការវិនិយោគក្រុមហ៊ុនរបស់លោក ខណៈការបង្ករលក្ខណៈបែបនេះ គឺជាកម្លាំងជំរុញទឹកចិត្តដល់វិនិយោគិន ឱ្យកាន់តែមានទំនុកចិត្តក្នុង ការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា។

នៅថ្ងៃទី១៦ ខែធ្នូនេះនៅក្នុងកិច្ចជំនួបពិភាក្សាទ្វេភាគី ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា មានការលើកឡើងដូចខាងលើពីអនុប្រធានក្រុមហ៊ុនមួយនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

លោក កូ យ៉ាហ្សាគិ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្ម ក្នុងការផលិតគ្រឿងបង្គុំអេឡិចត្រូនិករបស់ក្រុមហ៊ុន គិតចាប់តាំងពីឆ្នាំ ២០១១មកព្រមទាំងអំពីគម្រោងនៃការពង្រីកវិនិយោគបន្ថែមទៀត នៅប្រទេសកម្ពុជា ។ ទន្ទឹមនេះ លោក អនុប្រធានក្រុមហ៊ុន Yazaki Corporation «ក៏បានថ្លែងនូវការកោតសសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងបានបង្កលក្ខណៈគ្រប់បែបយ៉ាងចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ដោយនេះគឺជាកម្លាំងជំរុញទឹកចិត្តដល់វិនិយោគិន ឱ្យកាន់តែមានទំនុកចិត្តក្នុងការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា»។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរសម្តេចធិបតី បានសម្តែងនូវការអរគុណចំពោះក្រុមហ៊ុន ដែលបានសម្រេចចិត្តបោះទុនវិនិយោគនៅកម្ពុជាលើការផលិតគ្រឿងបង្គុំអេឡិចត្រូនិកបម្រើឱ្យការនាំចេញ ជាមួយនឹងការវាយតម្លៃខ្ពស់ចំពោះគម្រោងរបស់ក្រុមហ៊ុន ដែលនឹងពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា ដោយទៅលើដំណើរការអាជីវកម្មដ៏ល្អប្រសើរ និងទំនុកចិត្តចំពោះប្រទេសកម្ពុជា ។
សម្តេចធិបតីនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ទៀតថាវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យាគឺជាវិស័យអាទិភាពនៅក្នុងការជំរុញការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ហើយរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយថ្មី, ច្បាប់វិនិយោគថ្មី និងយន្តការថ្មី ព្រមជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងភស្តុភារកម្ម ដើម្បីជួយសម្រួល និងផ្តល់នូវការលើកទឹកចិត្តប្រកបដោយភាពអនុគ្រោះ និងភាពទាក់ទាញ ចំពោះគម្រោងវិនិយោគផ្នែកឧស្សាហកម្ម និងបច្ចេកវិទ្យានៅកម្ពុជា សំដៅធានាបាននូវសមត្ថភាពលើការផលិតនូវផលិតផលសម្រេច ដែលមានតម្លៃបន្ថែមខ្ពស់បម្រើឱ្យការនាំចេញទៅក្រៅប្រទេសផងដែរ៕