ការសម្រុះសម្រួលកិច្ចចរចាសន្តិភាព របសើប្រទេសចិន លើរបបសឹកមីយ៉ាន់ម៉ា ជាមួយនឹងក្រុមឧទ្ទាម។

បរទេស៖ ប្រទេសចិន បានសម្រុះសម្រួលកិច្ចចរចាសន្តិភាពរវាងយោធា ដែលកំពុងកាន់អំណាចរបស់សហភាពមីយ៉ាន់ម៉ា និងក្រុមឧទ្ទាម ហើយភាគីជម្លោះបានព្រមព្រៀងលើបទឈប់បាញ់បណ្តោះអាសន្ន និងដើម្បីរក្សាការសន្ទនា បើតាមទីក្រុងប៉េកាំង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ។

នៅក្នុងរដ្ឋ សាន (Shan) ភាគខាងជើង ប្រយុទ្ធគ្នាភាគច្រើន ហើយបានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងនៅក្នុងប្រទេសចិន ដែលជាអ្នកជិតខាង ។ មនុស្សប្រហែល ៣០ម៉ឺននាក់ ត្រូវបានជម្លៀសខ្លួន ចាប់តាំងពីការវាយលុករបស់ពួកឧទ្ទាមបានចាប់ផ្តើមនៅថ្ងៃទី២៧ ខែតុលា នេះបើយោងតាមអង្គការសហប្រជាជាតិដែលនិយាយថាមនុស្សជាង ២លាននាក់ ត្រូវបាត់បង់ផ្ទះសម្បែងចាប់តាំងពីរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា កាលពីខែកុម្ភៈ ឆ្នាំ២០២១មក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសចិនបាននិយាយថា កិច្ចពិភាក្សាត្រូវបានធ្វើឡើងនៅក្នុងប្រទេសចិនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ ។ ប្រទេសចិនសង្ឃឹមថា ភាគីពាក់ព័ន្ធក្នុងសហភាពមីយ៉ាន់ម៉ា នឹងអនុវត្តកិច្ចព្រមព្រៀង និងការឯកភាពដែលសម្រេចបាន ហើយអនុវត្តការអត់ធ្មត់ជាអតិបរមា និងទទួលយកគំនិតផ្តួចផ្តើមដើម្បីបន្ធូរបន្ថយស្ថានការណ៍នៅលើសមរភូមិ។

យោធាមីយ៉ាន់ម៉ាបាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួនបានជួបជាមួយក្រុមឧទ្ទាម និងភាគីផ្សេងទៀតនៅក្នុងជម្លោះ ហើយការចរចាមួយផ្សេងទៀតនឹងត្រូវធ្វើឡើងនៅចុងខែនេះ ដោយមិនមានការបញ្ជាក់លម្អិតនោះទេ។ ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃពុធ សម្ព័ន្ធក្រុមបះបោរជនជាតិភាគតិចបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការកម្ចាត់អ្វីដែលខ្លួនហៅថា «របបផ្តាច់ការ» របស់មីយ៉ាន់ម៉ា ហើយមិនបាននិយាយអំពីការចរចាសន្តិភាព ឬបទឈប់បាញ់អ្វីនោះទេ៕