ការចោទប្រកាន់មនុស្ស ២២នាក់ រួមទាំងមន្រ្តីរដ្ឋាភិបាល ពាក់ព័ន្ធនឹងការរត់ពន្ធសាច់ជ្រូក ពីនាយកដ្ឋានស៊ើបអង្កេតពិសេស។
ថៃ៖ ការចោទប្រកាន់ជនសង្ស័យចំនួន ២២នាក់ ក្នុងនោះរួមមាន បុគ្គល ១២ នាក់ និងនីតិបុគ្គល ១០នាក់ ពាក់ព័ន្ធនឹងការរត់ពន្ធសាច់ជ្រូក និងរឹបអូសទ្រព្យសម្បត្តិ របស់ពួកគេដែលមានតម្លៃប្រហែល ៩០ លានបាត ដោយនាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) របស់ប្រទេសថៃ ។
លោកវរៈសេនីយ៍ Nathapol Ditsayatham ប្រធានផ្នែកស៊ើបអង្កេតករណីរត់ពន្ធ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារថា នាយកដ្ឋានស៊ើបអង្កេតពិសេស ក៏បានកោះហៅនាយកប្រតិបត្តិនៃក្រុមហ៊ុន Rainbow Group Co Ltd ក៏ដូចជាមន្ត្រីម្នាក់ទៀតដែលជាប់ ពាក់ព័ន្ធក្នុងការរត់ពន្ធសាច់ជ្រូកនេះ បើយោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយកាលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹង ។
លោកបន្តថា សំណុំរឿងពិសេសលេខ ៥៩/២៥៥៦ ត្រូវបានដាក់ទៅគណៈកម្មាធិការជាតិ ប្រឆាំងអំពើពុករលួយ (NACC) ពាក់ព័ន្ធនឹងការប្រព្រឹត្តមិនត្រឹមត្រូវ។
DSI ក៏បានបន្តស៊ើបអង្កេតករណីចំនួន ៩ ពាក់ព័ន្ធនឹងសេវាកម្មដឹកជញ្ជូនឯកជន ដែលត្រូវបានចោទប្រកាន់ថា បាននាំចូលសាច់ជ្រូករត់ពន្ធចំនួន ២.៣៨៥ កុងតឺន័រ ដែលមានទម្ងន់ជិត ៦០.០០០ តោន។ មន្ត្រីមួយក្រុមមកពីទីភ្នាក់ងាររដ្ឋាភិបាលចំនួនពីរ ត្រូវបានគេរាយការណ៍ថា មានការទាក់ទងទៅនឹងប្រតិបត្តិការនេះ។
លោក Nathapol បានបន្តថា ការឆ្មក់ចូលនៅឃ្លាំងស្តុកសាច់ជ្រូក ចំនួនពីរកន្លែងក្នុងខេត្ត Nakhon Pathom បានរកឃើញថាក្រុមហ៊ុនដឹកជញ្ជូនឯកជនចំនួន ៣ ខាងលើបានបង់ថ្លៃរត់ពន្ធដល់ភ្នាក់ងារ ដើម្បីគេចពីពន្ធនាំចូល។ លោកបន្ថែមថា “DSI នឹងកោះហៅតំណាងឃ្លាំងនៅខេត្ត Nakhon Pathom ក្នុងសប្តាហ៍នេះ។ ប្រាក់ចំនួន ២៥៩ លានបាតត្រូវបានផ្ទេរទៅឱ្យពួកគេដោយក្រុមហ៊ុន Wealthy & Healthy Foods Co. ទោះជាយ៉ាងណាក៏ដោយ គ្មានការជួញដូរណាមួយត្រូវបាន ធ្វើឡើងបន្ទាប់ពីប្រតិបត្តិការនេះទេ។ ប្រាក់នោះត្រូវបានផ្ទេរទៅឱ្យក្រុមហ៊ុន ពីរផ្សេងទៀតមុនពេលបញ្ជូនទៅបរទេស»៕