លោក គីស៊ីដា ទំនងជានឹងជំនួស តំណែងរដ្ឋមន្ត្រី ៤រូប ចំពេលមានរឿង អាស្រូវរៃអង្គាសប្រាក់។

តូក្យូ៖ លោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន គ្រោងនឹងជំនួសតំណែង រដ្ឋមន្ត្រីចំនួន ៤រូប រួមទាំងអ្នកនាំពាក្យរដ្ឋាភិបាល កំពូលផងដែរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ស្អែកនេះ ជុំវិញការជាប់ពាក់ព័ន្ធ ក្នុងរឿងអាស្រូវរៃអង្គាស ថវិកានយោបាយ ដែលផ្តោតលើបក្សពួកដ៏ធំបំផុត របស់គណបក្សកាន់អំណាច តាមការឲ្យដឹងពីប្រភពរដ្ឋាភិបាល ។

បក្សសម្ព័ន្ធប្រជាធិបតេយ្យសេរី ត្រូវបានគេ សង្ស័យថា បានបញ្ជូនត្រឡប់មកវិញ នូវប្រាក់ចំណូលរបស់គណបក្ស ដែលមានចំនួនប្រហែល ៥០០លានយ៉េន (៣,៤លានដុល្លារ) ដល់សមាជិក ដែលលើស ពីកូតាលក់សំបុត្រ របស់ពួកគេក្នុងរយៈពេល ៥ឆ្នាំកន្លងមករហូត ដល់ឆ្នាំ២០២២ នៅក្នុងការវិវឌ្ឍ ដាច់ដោយឡែកមួយ បានឲ្យដឹងពីប្រភពស៊ើបអង្កេត ។

ការចោទប្រកាន់ស្រដៀងគ្នា អំពីប្រាក់ចំណូលរបស់គណបក្ស ដែលរាយការណ៍មិនគ្រប់គ្រាន់បានលេចចេញ សម្រាប់បក្សពួកផ្ទាល់របស់លោក គីស៊ីដា កាលពីថ្ងៃអង្គារ ដោយមន្ត្រីបក្សពួកបានឲ្យដឹងថា ការរាយការណ៍តិចតួចនេះហាក់ដូចជាកំហុសផ្នែករដ្ឋបាល។

យោងតាមប្រភពស៊ើប អង្កេតបានឱ្យដឹងថា ក្នុងចំណោមរឿងអាស្រូវទាំងនេះ ប្រធានខុទ្ទកាល័យ និងអ្នកនាំពាក្យកំពូលលោក Hirokazu Matsuno ត្រូវបានចោទប្រកាន់ពីបទខកខាន ក្នុងការរាយការណ៍ អំពីប្រាក់ចំណូលជាង ១០លានយ៉េន ដែលរកបានពីព្រឹត្តិការណ៍ ដែលរៀបចំដោយក្រុមផ្ទៃក្នុង។

កាលពីថ្ងៃអង្គារ សភាតំណាងរាស្រ្តរបស់ប្រទេសជប៉ុន បានបោះឆ្នោតទម្លាក់សំណើមិនទុកចិត្តមួយប្រឆាំងនឹងលោក Matsuno ដែលដាក់ដោយគណបក្សប្រឆាំងប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញជប៉ុននាំមុខគេ ដែលបានអះអាងថា រឿងអាស្រូវកំពុងរំខានលោក ពីតួនាទីជាអ្នកនាំពាក្យ ៕