បញ្ហារស់នៅប្រចាំថ្ងៃ អ្វីខ្លះដែលយើងគួរយល់ដឹង និងមានអ្វីពាក់ព័ន្ធនឹងច្បាប់?
បញ្ហារស់នៅប្រចាំថ្ងៃ
👉ផ្ញើលុយច្រឡំគណនី(ខុសកុង)?
👉អាប់លុយឲ្យគេលើស?
👉ផ្ញើឥវ៉ាន់ច្រឡំ?
តើត្រូវធ្វើដូចម្តេច?
បញ្ហាខាងលើ ក្នុងន័យច្បាប់គេហៅថា សេចក្តីចម្រើនដោយឥតហេតុ (យោងតាមមាត្រា ៧៣៦ នៃក្រមរដ្ឋប្បវេណី)
តាមមាត្រា ៧៣៧ នៃក្រមរដ្ឋប្បវេណី បុគ្គលដែលបានទទួលផលប្រយោជន៍(បុគ្គលដែលទទួលបានលុយ ឬឥវ៉ាន់) មានកាតព្វកិច្ចត្រូវសងផលប្រយោជន៍(សងលុយ ឬឥវ៉ាន់)ដែលខ្លួនទទួលបានឲ្យទៅបុគ្គលដែលបានបាត់បង់ផលប្រយោជន៍(ម្ចាស់ដើម)វិញ។
ក្នុងករណីបុគ្គលដែលទទួលបានលុយ ឬឥវ៉ាន់មិនព្រមសងទៅឲ្យម្ចាស់ដើមវិញទេ ម្ចាស់ឥវ៉ាន់ ឬម្ចាស់លុយ មានសិទ្ធិទាមទារឲ្យប្រគល់ឥវ៉ាន់ ឬលុយមកវិញ ដោយផ្អែកលើសេចក្ដីចម្រើនដោយឥតហេតុ។
*ទោះបីជាបុគ្គលដែលទទួលបានផលប្រយោជន៍គេចវេសមិនព្រមសងឥវ៉ាន់ ឬលុយ ទៅឲ្យម្ចាស់ដើមក៏ដោយ ក៏ករណីបែបនេះមិនអាចក្លាយជារឿងព្រហ្មទណ្ឌបានដែរ ព្រោះពុំមានធាតុផ្សំបទល្មើសគ្រប់គ្រាន់តាមមាត្រា ៣៥៣ នៃក្រមព្រហ្មទណ្ឌ ម្យ៉ាងទៀត សិទ្ធិរបស់បុគ្គលដែលបានបាត់បង់ផលប្រយោជន៍(ម្ចាស់ឥវ៉ាន់ ឬម្ចាស់ប្រាក់) គឺមានចែងក្នុងមាត្រា ៧៣៧ នៃក្រមរដ្ឋប្បវេណី ក្នុងន័យថា
✅ក្នុងករណី បុគ្គលដែលទទួលបានផលប្រយោជន៍ ដឹងថាគ្មានមូលហេតុលើផ្លូវច្បាប់ នឹងទទួលបានផលប្រយោជន៍ទាំងនេះ(ផលជាផលរបស់អ្នកដទៃ) បុគ្គលដែលទទួលបានផលប្រយោជន៍ មានករណីយកិច្ចសងផលប្រយោជន៍ដែលមាននៅពេលដែលបានដឹង និងការប្រាក់ គិតចាប់ពីពេលដែលបានដឹង រហូតដល់ពេលសង។
✅បើបុគ្គលដែលទទួលបានផលប្រយោជន៍ បានធ្វើឲ្យខូចខាតលុយ ឬឥវ៉ាន់ទាំងនោះ បុគ្គលដែលទទួលបានផលប្រយោជន៍នោះ ត្រូវទទួលខុសត្រូវលើសំណងនៃការខូចខាតដែលបានកើតឡើងនោះ ដល់ម្ចាស់លុយ ឬម្ចាស់ឥវ៉ាន់។
សូមអរគុណ និងសូមអធ្យាស្រ័យប្រសិនបើមានកំហុសឆ្គង…។