ទំនិញមានទឹកប្រាក់ជាង៤.៥ពាន់លានដុល្លារ កម្ពុជានាំចេញទៅកាន់ប្រទេសសមាជិក RCEP

ភ្នំពេញ៖ កិច្ចព្រមព្រៀម​ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង​ជ្រោយ​តំបន់ (RCEP) កម្ពុជាបាននាំចេញទំនិញទៅកាន់ប្រទេសសមាជិកមានទឹកប្រាក់ ៤.៥៩ពាន់លានដុលា្លរ ក្នុងរយៈពេល៧ខែ ​ឆ្នាំ២០២៣ កើនឡើង​ ២១ភាគរយ ​ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។


ក្នុងពិធីពិធី​សម្ពោធ ​នៃការបោះពុម្ពផ្សាយសៀវភៅស្តីពី «អាសិប៖ ផ្នែកទី១ ភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច ​និងការវិភាគផ្នែកច្បាប់” កាល​ពីថ្ងៃទី១៩ ខែសីហា ដោយមាន​ការចូលរួមដោយ ​ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​ឯកឧត្តម សួស យ៉ារ៉ា អនុប្រធានគណៈកម្មការកិច្ចការបរទេស ​សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ ​និងព័ត៌មាននៃរដ្ឋសភា, ឯកឧត្តម ឌិត ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តមសាស្ត្រាចារ្យ បណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងឯកឧត្តមសាស្រ្តចារ្យបណ្ឌិត ឆែម គាតរិទ្ធី អនុប្រធានអចិន្ត្រៃយ៍​នៃក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្ត្រកម្ពុជា ត្រូវបានលើកឡើងនូវតួលេខនាំចេញ​។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា អាសិប ត្រូវបានគេរំពឹងថានឹងដើរតួយ៉ាងសំខាន់ក្នុងការ​ធ្វើ​សមាហរណកម្ម​អាស៊ានទៅក្នុងសេដ្ឋកិច្ចពិភពលោក, ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាប័ន្ន ​និងភាពធន់, ទប់ទល់នឹងទំនោរនៃការប្រឆាំងសកលភាវូបនីយកម្មនិងការការពារនិយម ហើយក៏ជាប្លុកពាណិជ្ជកម្មដ៏ធំបំផុតក្នុងពិភព​លោក​នាពេលបច្ចុប្បន្ន ​ដែលមានដប់ប្រាំប្រទេស​ជាមួយ​នឹងផលិតផលក្នុងស្រុកសរុបចំនួន ២៦,២ ទ្រីលានដុល្លារអាម៉េរិក។ ​អាសិប តំណាងឱ្យ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក, ២៨% នៃពាណិជ្ជកម្មពិភពលោក និង ៣២,៥% នៃការវិនិយោគសកល។

កិច្ចព្រមព្រៀង RCEP បានចូលជាធរមាន​ នៅថ្ងៃទី១​ ខែមករា ឆ្នាំ២០២១ គឺជា​កម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញកំណើនពាណិជ្ជកម្ម ទំនិញ សេវាកម្ម និងវិនិយោគ កាន់តែធំ​ជាងមុន ជាពិសេសផ្តល់ទីផ្សារបន្ថែមលើមុខទំនិញថ្មី ​ចំនួនរាប់រយមុខបន្ថែមទៀត សម្រាប់ការ​នាំចេញពីកម្ពុជា។

កិច្ចព្រមព្រៀង RCEP មានការចូលរួមពីប្រទេសចំនួន១៥ រួមមាន​ប្រទេសជាសមាជិកអាស៊ាន​ទាំង១០ ​និងដៃគូពាណិជ្ជកម្មសេរី ចំនួន៥ទៀត ដូចជា អូស្ត្រាលី​ ចិន ជប៉ុន ​កូរ៉េខាងត្បូង និង​ណូវែលហ្សេឡង់ ​ដែលបានចាប់ផ្តើម បង្កើតដំបូងនៅ ឆ្នាំ២០១២ នៅភ្នំពេញ​៕