ការអំពាវនាវរបស់មេដឹកនាំអាល្លឺម៉ង់ ឲ្យបង្កើនជំនួយមនុស្សធម៌ សម្រាប់ជនស៊ីវិល នៅតំបន់ហ្កាហ្សា។
អាល្លឺម៉ង់៖ លោក Olaf Scholz អធិការបតីអាល្លឺម៉ង់ កាលពីថ្ងៃចន្ទ ទី១១ ខែធ្នូ បាននិយាយថា ការឈឺចាប់របស់ប្រជាជនស៊ីវិល នៅតំបន់ហ្កាហ្សា គឺជា «រឿងសោកសៅ» ហើយលោកបានអំពាវនាវឲ្យបង្កើនជំនួយមនុស្សធម៌បន្ថែមទៀត។
ថ្លែងជាមួយនាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte ដែលត្រៀមផុតអាណត្តិ លោក Scholz បាននិយាយថា ថ្នាក់ដឹកនាំទាំង២ យល់ស្របចំពោះដំណោះស្រាយរដ្ឋ២ តែប៉ុណ្ណោះ ដែលនឹងនាំទៅរកសន្តិភាព រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។
ដោយត្រូវបានសួរដោយអ្នកសារព័ត៌មានហូឡង់ថា តើលោក Rutte ធ្វើជាអគ្គលេខាធិការអង្គការណាតូថ្មីបានល្អ ឬអត់នោះ លោក Scholz បានឆ្លើយតប ដោយនិយាយសរសើរនូវ «ជំនាញនយោបាយ និងនយោបាយការបរទេសដ៏អស្ចារ្យ» របស់មេដឹកនាំហូឡង់រូបនេះ ហើយបានបន្ថែមថា៖ «ខ្ញុំនឹងមិនអាចនិយាយអ្វីឲ្យលើសពីនេះទៀតទេ»។
ទាក់ទងនឹងវិបត្តិថវិកាដែលកំពុងបន្តមានរបស់ប្រទេសអាល្លឺម៉ង់ លោក Scholz បានបង្ហាញទំនុកចិត្តថា លោក និងដៃគូចម្រុះរបស់លោក នឹងអាចឈានដល់កិច្ចព្រមព្រៀងឆាប់ៗនេះ៕