មនុស្សរាប់ម៉ឺននាក់ ធ្វើបាតុកម្មប្រឆាំងនឹងជ្វីហ្វនិយម នៅអាល្លឺម៉ង់ ខណៈប្រទេសនេះ ក៏ប្រឈមនឹងការកើនឡើងនៃឧប្បត្តិហេតុនានា។

ប៊ែរឡាំង៖ មនុស្សរាប់ម៉ឺននាក់ បានធ្វើបាតុកម្មប្រឆាំងនឹងជ្វីហ្វនិយម នៅទីក្រុងប៊ែរឡាំង កាលពីថ្ងៃអាទិត្យ ខណៈដែលប្រទេសអាល្លឺម៉ង់ កំពុងប្រឈមមុខនឹងការកើនឡើងយ៉ាងខ្លាំងនូវឧប្បត្តិហេតុប្រឆាំងជនជាតិជ្វីហ្វ បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល កាលពីពីរខែមុន។

នគរបាលបានប៉ាន់ប្រមាណថា មនុស្សប្រហែល ៣.២០០នាក់ បានប្រមូលផ្តុំគ្នាទាំងកណ្តាលមេឃកំពុងភ្លៀង នៅក្នុងរដ្ឋធានីរបស់អាល្លឺម៉ង់ ខណៈពេលដែលអ្នករៀបចំ បានដាក់តួលេខអ្នកចូលរួមចំនួន ១0.000 នាក់ ។ អ្នកចូលរួមក្នុងការតវ៉ា ដែលមានឈ្មោះថា «ឥឡូវនេះ លែងមានទៀតហើយ» (Never again is now) បានដើរដង្ហែទៅកាន់ច្រកទ្វារ Brandenburg តើតាមទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់ Dpa បានរាយការណ៍។

ក្រុមមួយដែលកំពុងតាមដានការប្រឆាំងនឹងជ្វីហ្វនិយម នៅប្រទេសអាល្លឺង់ បាននិយាយកាលពីចុងខែ វិច្ឆិកាថា ខ្លួនបានកត់ត្រាការកើនឡើងយ៉ាងខ្លាំងនៃឧប្បត្តិហេតុប្រឆាំងជនជាតិជ្វីហ្វ នៅក្នុងខែនេះ បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស សរុបចំនួន៩៩៤លើក គឺកើនឡើង ៣២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

លោក Josef Schuster មេដឹកនាំជនជាតិជ្វីហ្វដ៏សំខាន់របស់ប្រទេសអាល្លឺម៉ង់ បាននិយាយថា៖«ការប្រឆាំងជ្វីហ្វនិយម គឺជាការអនុវត្តជាទូទៅនៅកណ្តាលសង្គម ក្នុងប្រទេសអាល្លឺម៉ង់» ហើយបានអំពាវនាវឲ្យមានសាមគ្គីភាពជាមួយអ៊ីស្រាអែល និងជាមួយជនជាតិជ្វីហ្វ នៅក្នុងប្រទេសអាល្លឺម៉ង់។