ស្ត្រីពិការម្នាក់បន្តសិក្សាចប់បរិញ្ញាបត្រ និងប្រឡូងការងារសង្គម ទោះពិការភាពក៏មិនមែនជាឧបសគ្គ។

កញ្ញា អឿន ណាវី មានពិការភាពភ្នែកតាំងពីកំណើតមកម្ល៉េះ ជាកូនទីពីរ ក្នុងចំណោមបងប្អូនបួននាក់ ដែលមានទីកំណើតនៅភូមិកំរាញ់ ឃុំជីគង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ កាលពីឆ្នាំ២០១៧ នាងបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិ នៅវិទ្យាល័យព្រះសីហនុ និងបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញចិត្តវិទ្យា នៅសកលវិទ្យាល័យភូមិនន្ទភ្នំពេញ ។

ទោះបីជានាងមានពិការភាពភ្នែកមែនពិត តែនាងមិនបានបោះបង់ការសិក្សា ដោយសារតែភាពពិការរបស់នាងឡើយ ដ្បិតថាណាវី អាចផ្ទៀងមើលអក្សរបានព្រិលៗ ដោយយកសៀវភៅដាក់ឱ្យកៀកនឹងភ្នែក ។ ចំណែកកត្តាដែលជម្រុញឱ្យនាងបន្តការសិក្សាថ្នាក់សាកលវិទ្យាល័យនោះគឺ ដើម្បីជំនះនូវការរើសអើង។ កញ្ញា ណាវី បានលើកឡើងថា៖ “ខ្ញុំជំនះនូវការរើសអើង ព្រោះគេតែងតែនិយាយថា ជនពិការទោះបីរៀនចប់ទៅ ក៏វាអត់មានការងារអីធ្វើដែរ អ៊ីចឹង វាគ្មានលទ្ធផលអីទេ ពេលដែលខ្ញុំឮគាត់និយាយបែបហ្នឹង ខ្ញុំចង់ជំនះថា ខ្ញុំនឹងខំរៀនឱ្យចប់ ហើយខ្ញុំនឹងរកការងារឱ្យបានធ្វើ”។

ក្នុងអំឡុងពេល ដែល ណាវី បន្តការសិក្សានៅរាជធានីភ្នំពេញ ណាវី បានទទួលអាហាររូបករណ៍ពីរកន្លែង គឺបានទទួលពីសាលារដ្ឋ១០០% ដោយឥតបង់ថ្លៃសិក្សា ព្រមទាំងផ្តល់ឱ្យនូវអន្តេរនិស្សឹកដ្ឋានសម្រាប់ស្នាក់នៅ និងអង្គការការអប់រំដំបូងនៅកម្ពុជា First Education in Cambodia (EFC) ដែលបានផ្តល់ជាអាហាររូបករណ៍សម្រាប់រៀនភាសាអង់គ្លេស។ កញ្ញា ណាវី បានបន្តទៀតថា៖ “សម្រាប់ខ្ញុំមានការជួយជ្រោមជ្រែងពីក្រុមគ្រួសារ សាលារដ្ឋ និងអង្គការ EFC ទើបខ្ញុំអាចបន្តការសិក្សានៅសកលវិទ្យាល័យបាន”។

ដោយឡែកនៅក្នុងរយៈពេលនៃការសិក្សាបួនឆ្នាំនៃការសិក្សារបស់ ណាវី នាងបានជួបប្រទះផលវិបាកមួយចំនួន ដែល ណាវី បាននិយាយថា៖ “ខ្ញុំមានផលវិបាកហ្នឹង ទី១ គឺដោយសារសាលាមិនទាន់មានបណ្ណាល័យអក្សរប្រែលសម្រាប់ជនពិការទេ គឺត្រូវទាមទារចង់ដឹងឯកសារអីផ្សេងៗអ៊ីចឹង ដល់តែយើងទៅជាមួយមិត្តភក្តិ ហើយមិត្តភក្តិមានពេលទៅបណ្ណាល័យ យើងទៅជាមួយគាត់ ទៅស្តាប់ជាមួយគាត់ ទី២ សម្រាប់សៀវភៅពុម្ភ គឺសៀវភៅពុម្ភក៏មិនទាន់មានគ្រប់គ្រាន់ដែរ ពិតមែនតែអង្គការគ្រួសារថ្មី បានបោះពុម្ភជាសៀវភៅសម្រាប់ជនពិការ ដោយសារតែតម្រូវការនោះមានច្រើនពេក ជនពិការមានច្រើនពេក អ៊ីចឹងគាត់បោះពុម្ភអត់ទាន់ទេ អ៊ីចឹងធ្វើឱ្យសៀវភៅដែលបោះពុម្ភមកនោះមានការយឺតយ៉ាវ អ៊ីចឹងវាធ្វើឱ្យយើងពិបាកដែរ មួយទៀតជនពិការនៅពេលដែលរៀនត្រូវការសរសេរអក្សរផុស ដើម្បីយកមកស្ទៀប អ៊ីចឹងនៅពេលដែលយើងសរសេរអាចសរសេរបានដូចគេ តែវារៀងយឺត មិនដូចគេសរសេរអក្សរដោយប្រើប៊ិចដែរ នេះជាផលវិបាក ហើយមួយទៀតគឺវារៀងរំខាន នៅពេលដែលយើងចុចទៅ វាមានស្នូរ ហើយរំខានដល់គេដែរ”។ បញ្ហាដែលនាងជួបប្រទះទាំងនេះ មិនបានបញ្ឈប់នូវការប្តេជ្ញាចិត្ត ក្នុងការសិក្សារបស់នាងឡើយ ពោលគឺនាងបានបន្តការសិក្សារហូតដល់ចប់ថ្នាក់បរិញ្ញាបត្រ។

បន្ទាប់ពីបញ្ចប់បរិញ្ញាបត្រភ្លាម ណាវីបានធ្វើការជាអ្នកស្ម័គ្រចិត្ត នៅសមាគមតន្ត្រីសំនៀងជនពិការ ក្នុងតួនាទីជាប្រធានគណៈកម្មការស្រ្តី ។ ដោយតួនាទីនេះ ណាវី បានជួយដល់ស្រ្តីជាច្រើន ដែលពួកគាត់ជួបបញ្ហានានា ដូចដែល ណាវី បាននិយាយថា៖ “ដើម្បីជួយស្រ្តីនៅពេលដែលគាត់ជួបប្រទះនូវបញ្ហាផ្សេងៗ ដូចជាគាត់ត្រូវរងនូវអំពើរើសអើង ឬអំពើហិង្សាអីផ្សេងៗ ជួយសម្របសម្រួលពួកគាត់ ហើយមួយទៀតនៅពេលដែលពួកគាត់ត្រូវមានបញ្ហា ត្រូវចូលមន្ទីរពេទ្យ និងត្រូវការខាងសមាគមជួយសម្របសម្រួល យើងជួយសម្របសម្រួលដល់ពួកគាត់ អ៊ីចឹងយើងធ្វើការទាក់ទងលើផ្នែកស្រ្តីហ្នឹង”។

ការងារនេះ ជាការងារដំបូងរបស់នាង បន្ទាប់ពីនាងទើបតែបញ្ចប់ការសិក្សាភ្លាមៗ តែ ណាវី ក៏មានបញ្ហាប្រឈមនៅពេលបញ្ចប់ការសិក្សាដែរ ព្រោះនាងខ្លាចរកការងារមិនបាន។ “ខ្ញុំមិនដឹងត្រូវដាក់ពាក្យនៅកន្លែងណា ព្រោះយើងជាជនពិការអ៊ីចឹង យើងមានសមត្ថភាព តែយើងមិនជឿជាក់១០០%ដែរថា យើងនឹងអាចទៅធ្វើការនៅកន្លែងស្ថាប័នណាមួយបានដែរ ឬក៏អត់ ព្រោះយើងមិនទាន់មានបទពិសោធន៍ យើងមានការព្រួយបារម្ភ និងការភ័យខ្លាច” នេះជាការលើកឡើងរបស់នាង។ ទោះបីជាយ៉ាងណា ណាវី មិនបានបោះបង់ចោលនូវឱកាសស្វែងរកការងារធ្វើទេ ពោលគឺនាងបានស្វែងរកព័ត៌មានការងារពីបណ្តាញមិត្តភក្តិរបស់នាង។ នាងបានបន្ថែមទៀតថា៖ “ខ្ញុំព្យាយាមទំនាក់ទំនងទៅមិត្តភក្តិសួរថា តើមានកន្លែងណាដែលគេទទួលជនពិការទៅរៀនជំនាញ? ក្រោយមកខ្ញុំទទួលព័ត៌មានថា សមាគមតន្រ្តីសំនៀងជនពិការ គាត់ទទួលយកជនដែលមានពិការភាពឱ្យទៅរៀនជំនាញផ្សេងៗ ដូចជារៀនចម្រៀង ម៉ាស្សា តន្ត្រី រៀនភាសាអង់គ្លេស។ ខ្ញុំមានចំណាប់អារម្មណ៍ ហើយក៏បានទំនាក់ទំនងទៅសមាគម និងបានចាប់ផ្តើមការងារដំបូងនៅសមាគម”។

បើនិយាយពីការរើសអើងវិញ ណាវី មិនធ្លាប់បានទទួលរងនូវការរើសអើងលើរូបនាងទេ តែសមាជិករបស់នាងបានទទួលការរើសអើង។ នេះជាសម្តីរបស់ ណាវី ៖ “ខ្ញុំមិនធ្លាប់ទទួលបានរើសអើងទេ ប៉ុន្តែគ្រាន់តែថា ធ្លាប់បានទទួលពាក្យពីសមាជិកដែលគាត់ត្អូញត្អែរថា ឥលូវនឹងគេមានការយល់ដឹងពីជនពិការច្រើនមែន ប៉ុន្តែមិនទាន់លុបបំបាត់ទាំងស្រុងទេពីការរើសអើងហ្នឹង ជួនកាលពួកគាត់ម៉ាក់ងាយនៅពេលឃើញជនពិការ ហើយខ្លះធ្វើត្រាប់តាមជនពិការ អ៊ីចឹងនៅតែមានការរើសអើង មិនទាន់លុបបំបាត់ទាំងស្រុងទេ”។

ជាសារចុងក្រោយរបស់ ណាវី នាងបានផ្តល់មតិយោបល់ដល់ជនមានពិការភាព និងជាសំណូមពរដល់សាធាណៈជន ក្នុងន័យជំរុញទឹកចិត្ត និងចូលរួមលុបបំបាត់នូវការរើសអើងលើជនមានពិការភាព។ ណាវីបានផ្តល់ការយល់ឃើញថា៖ “សម្រាប់យោបល់ខ្ញុំ ខ្ញុំសូមលើកទឹកចិត្តទៅដល់បងប្អូនដែលមានពិការភាព កុំមានការបាក់ទឹកចិត្តធ្វើយ៉ាងណាត្រូវតែរៀនឱ្យចប់ រៀនចប់ហើយយើងនឹងរៀបចំគោលដៅរបស់យើង អ៊ីចឹងយើងគ្មានការស្តាយក្រោយទេ។ អ្នកខ្លះនៅពេលដែលគាត់មានការបាក់ទឹកចិត្ត គាត់បញ្ចប់ការសិក្សានៅកម្រិតថ្នាក់បថមសិក្សា អ៊ីចឹងពេលក្រោយនៅពេលដែលគាត់នឹកឃើញចង់ទៅរកការងារធ្វើអី មិនបានទេ ព្រោះការងារឥលូវគេទាមទារសញ្ញាបត្រ ចាប់ពីថ្នាក់ទី១២ឡើងទៅ។ បងប្អូនជនពិការឥលូវក៏មានឱកាសច្រើនដែរ គេយកចិត្តទុកដាក់ច្រើន ដូចជាក្នុងវិស័យរដ្ឋ គេនឹងទទួលយកជនពិការទៅធ្វើការចំនួន២% ហើយវិស័យឯកជន១% អ៊ីចឹងត្រូវតែខិតខំតស៊ូបន្តទៀត កុំបញ្ឈប់ការសិក្សានៅកណ្តាលទី សូមឱ្យបានសិក្សាបញ្ចប់ទាំងអស់គ្នា”។

កញ្ញា ណាវី បានសំណូមពរដល់សាធារណៈជន កុំមានការរើសអើងទៅលើជនពិការ ព្រោះកញ្ញាបញ្ជាក់ថាម្នាក់ៗដែលកើតមកគឺមិនចង់ឱ្យមានពិការភាពទេ ប៉ុន្តែបើគាត់មានពិការភាពហើយ បើយើងមិនបានជួយអី សូមកុំម៉ាក់ងាយបន្ថែមទៀតអី។ ម្យ៉ាងទៀតឥលូវនេះ ជនពិការក៏មានសមត្ថភាពច្រើន ដូច្នេះក្រៅពីស្នើកុំមើលពីពិការភាពរបស់ជនពិការ កញ្ញាណាវី បានណែនាឱ្យសាធារណៈជនត្រូវមើលឃើញពីសមត្ថភាពរបស់ពួកគាត់វិញ៕ ប្រភព៖ WMC