ការថ្កោលទោសពីអ៊ុយក្រែន លើផែនការរុស្ស៊ី សម្រាប់ការបោះឆ្នោតនៅលើទឹកដីកាន់កាប់។
ប្រទេសអ៊ុយក្រែន បានថ្កោលទោសយ៉ាងខ្លាំង ចំពោះផែនការរបស់រុស្ស៊ី កាលពីថ្ងៃសៅរ៍ ទី០៩ ខែធ្នូ ក្នុងការរៀបចំការបោះឆ្នោតប្រធានាធិបតី នៅនិទាឃរដូវឆ្នាំក្រោយក្នុងទឹកដីរបស់អ៊ុយក្រែនដែលត្រូវរុស្ស៊ីកាន់កាប់ ដោយប្រកាសថាការបោះឆ្នោតទាំងនោះគឺចាត់ «ទុកជាមោឃៈ» ហើយបានសន្យាថានឹងកាត់ទោសអ្នកសង្កេតការណ៍ ដែលបានបញ្ជូនមកត្រួតពិនិត្យការបោះឆ្នោតនោះ ។
លោកស្រី វ៉ាឡែនធីណា ម៉ាតវីយ៉េនកូ (Valentina Matviyenko) ប្រធានសភាជាន់ខ្ពស់រុស្ស៊ី សភាជាន់ខ្ពស់របស់រុស្ស៊ី បានកំណត់ការបោះឆ្នោតប្រធានាធិបតី របស់ប្រទេសក្នុងសប្តាហ៍នេះ សម្រាប់ខែមីនាឆ្នាំក្រោយ បាននិយាយថា អ្នកស្រុកនៅក្នុងតំបន់ចំនួនបួន របស់អ៊ុយក្រែនដែលកាន់កាប់ដោយរុស្ស៊ី នឹងអាចធ្វើការបោះឆ្នោតជាលើកដំបូង។
រុស្សីបានអះអាងថាបានបញ្ចូលតំបន់ ដូណិតស្ក៍ (Donetsk) តំបន់ លូហានស្ក៍ (Luhansk) តំបន់ ហ្សាប៉ូរីហ្សា (Zaporizhzhya) និងតំបន់ឃើសុន (Kherson) នៅភាគខាងកើត និងខាងត្បូងនៃប្រទេសអ៊ុយក្រែនជាទឹកដីខ្លួន ក្នុងអំឡុងការធ្វើប្រជាមតិកាលពីឆ្នាំមុន ដែលទីក្រុងគីវ និងលោកខាងលិចបានច្រានចោលថាជាការបោកប្រាស់ ប៉ុន្តែមិនបានគ្រប់គ្រងពេញលេញលើតំបន់ណាមួយឡើយ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសអ៊ុយក្រែនបាននិយាយ ថា «យើងសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះចេតនារបស់រុស្ស៊ី ក្នុងការរៀបចំការបោះឆ្នោតប្រធានាធិបតី នៅក្នុងទឹកដីអ៊ុយក្រែន ដែលត្រូវបានកាន់កាប់ និងដាក់ទណ្ឌកម្មលើអ្នកដែលពាក់ព័ន្ធនឹងអង្គការ និងការប្រព្រឹត្តរបស់ពួកគេ»។
ក្រសួងការបរទេសនេះ ក៏បានព្រមានបណ្ដាប្រទេសប្រឆាំងនឹងការបញ្ជូនអ្នកសង្កេតការណ៍ទៅ «ការបោះឆ្នោតក្លែងក្លាយ» ដោយនិយាយថា ជនល្មើសនឹង «ប្រឈមមុខនឹងការទទួលខុសត្រូវព្រហ្មទណ្ឌ»។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃសុក្រថា លោកនឹងឈរឈ្មោះជាប្រធានាធិបតីម្តងទៀត ដោយជាវិធានការមួយ ដែលរំពឹងថានឹងធ្វើឱ្យលោកបន្តកាន់អំណាចរហូត ដល់យ៉ាងហោចណាស់ឆ្នាំ២០៣០៕