ការប្រមូលផ្តុំគ្នាក្នុងទីក្រុង តែលអាវីវ មនុស្សរាប់ពាន់នាក់ របស់អ៊ីស្រាអែល ទាមទារឱ្យដោះលែងចំណាប់ថ្នូរនៅហ្កាហ្សា។
បរទេស៖ នៅទីក្រុង តែលអាវីវ (Tel Aviv) របស់អ៊ីស្រាអែល មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នា កាលពីយប់ថ្ងៃសៅរ៍ ទី០៩ ខែធ្នូ ដោយអំពាវនាវឱ្យមានការដោះលែងចំណាប់ថ្នូរ ដែលឃុំខ្លួននៅតំបន់ហ្កាហ្សា រយៈពេលពីរខែបន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួន ពីអ៊ីស្រាអែលដោយខ្មាន់កាំភ្លើងក្រុមហាម៉ាស ។
ឪពុកម្តាយរបស់ចំណាប់ថ្នូរអាយុ ១៩ឆ្នាំម្នាក់ឈ្មោះ អ៊ីតាយ ចិន (Itay Chen) បាននិយាយទៅកាន់ហ្វូងមនុស្សដោយអំពាវនាវឱ្យកាកបាទក្រហម អាចទៅសួរសុខទុក្ខកូនប្រុសរបស់ពួកគេ និងឱ្យរដ្ឋាភិបាលអ៊ីស្រាអែល «បង្ហាញភាពជាអ្នកដឹកនាំ» របស់ខ្លួន ។
ក្រោមបទឈប់បាញ់រយៈពេលប្រាំពីរថ្ងៃដែលបានបញ្ចប់កាលពីថ្ងៃសុក្រ ទី០១ ខែធ្នូកន្លងទៅនេះ ចំណាប់ថ្នូរប្រហែល ១០០នាក់ ត្រូវបានដោះលែង ដោយក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ដែលគ្រប់គ្រងតំបន់ហ្កាហ្សា ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន នៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល ។ អ៊ីស្រាអែលនិយាយថា ចំណាប់ថ្នូរជាង ១៣០នាក់ទៀតនៅតែស្ថិតនៅក្នុងតំបន់ហ្កាហ្សា ។
ដើម្បីកម្ទេចក្រុមហាម៉ាស អ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួន ដែលគ្រប់គ្រងនៅតំបន់ហ្កាហ្សា បន្ទាប់ពីក្រុមសកម្មប្រយុទ្ធនេះបានសម្រុកចូលទីក្រុងនានារបស់អ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ដោយបានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់ចំណាប់ថ្នូរចំនួន ២៤០នាក់ នេះបើយោងតាមតួលេខសរុបរបស់អ៊ីស្រាអែល។
ភាគច្រើននៃអ្នកស្រុកចំនួន ២,៣លាននាក់នៅហ្កាហ្សា ត្រូវបានបង្ខំឱ្យចាកចេញពីលំនៅឋានរបស់ពួកគេ ដោយមនុស្សជាច្រើនបានភៀសខ្លួនជាច្រើនដង ហើយយ៉ាងមនុស្សហោចណាស់ ១៧.៧០០នាក់ ត្រូវបានសម្លាប់ នេះបើយោងតាមក្រសួងសុខាភិបាលរបស់តំបន់ហ្កាហ្សា៕