ព្រមានពីប្រមុខដឹកនាំអង់គ្លេសថា ផែនការជនអន្តោប្រវេសន៍ រ្វ៉ាន់ដា នឹងមិនកើតឡើងទេ បើគ្មានការឯកភាពគណបក្ស។
អង់គ្លេស៖ លោក Rishi Sunak ជានាយករដ្ឋមន្ត្រីអង់គ្លេស ដែលមានចរិតមិនសូវចុះញ៉ម កាលថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ បានអំពាវនាវទៅកាន់គណបក្សអភិរក្សនិយម ដែលកំពុងកាន់អំណាចរបស់លោក ឲ្យរួបរួមគ្នាគាំទ្រផែនការរបស់លោក ក្នុងការបញ្ជូនអ្នកស្វែងរកសិទ្ធិជ្រកកោនទៅកាន់ប្រទេសរ្វ៉ាន់ដា ដោយព្រមានសហសេវិកថា បើសិនបើលោកធ្វើការរឹតបន្តឹងបន្ថែមទៀតនោះ គម្រោងទាំងមូលអាចនឹងដួលរលំ ។
លោក Sunak កំពុងប្រឈមនឹងបញ្ហាដ៏ធំបំផុត ចំពោះការកាន់តំណែងរយៈពេល ១ឆ្នាំរបស់លោក ខណៈដែលលោកព្យាយាមរារាំងសមាជិកសភា ក្រុមស្ដាំនិយមរបស់គណបក្សអភិរក្សនិយម កុំឲ្យមានការបះបោរ ជុំវិញការទាមទាររបស់ពួកគេដែលថា ចក្រភពអង់គ្លេសគួរតែចេញពីសន្ធិសញ្ញាអន្តរជាតិ ដើម្បីកំណត់គោលនយោបាយទេសន្តរប្រវេសន៍ផ្ទាល់ខ្លួន ។
នៅឯវិមាន Downing Street លោក Sunak ក្នុងសន្និសិទសារព័ត៌មាន បាននិយាយថា ប្រសិនបើរដ្ឋាភិបាលបន្តមិនគោរពច្បាប់សិទ្ធិមនុស្ស តាមច្បាប់ចែងទេនោះ ប្រទេសរ្វ៉ាន់ដា នឹងបោះបង់ចោលកិច្ចព្រមព្រៀងនេះ ដែលនឹងឃើញតែចំនួនជនអន្តោប្រវេសន៍តិចតួច ដែលមកដល់ដោយទូក ត្រូវបាននិរទេសទៅកាន់ប្រទេសអាហ្វ្រិក។
លោក Robert Jenrick រដ្ឋមន្ត្រីអន្តោប្រវេសន៍ បានលាលែងពីតំណែង កាលពីថ្ងៃពុធ ទី៦ ខែធ្នូ ហើយលោក Sunak កំពុងប្រឈមនឹងសំណួរពាក់ព័ន្ធថា តើលោកអាចទទួលបានគោលនយោបាយសំខាន់របស់លោក តាមរយៈការបោះឆ្នោតនៅក្នុងសភាដែរ ឬទេ។ សមាជិកសភាអភិរក្សនិយមមួយចំនួន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោក Sunak អាចជួបនឹងបញ្ហាប្រឈមជុំវិញភាពជាអ្នកដឹកនាំ៕