នៅដើមឆ្នាំក្រោយ ជប៉ុនគ្រោងនឹងបញ្ជូនយានឡើងទៅកាន់ ឋានព្រះចន្ទ។
ទីភ្នាក់ងារស្រាវជ្រាវអវកាសជប៉ុន ចាសា (JAXA) កាលពីថ្ងៃទី៥ ខែធ្នូ បានប្រកាសថា នឹងបញ្ជូនយានអវកាស SLIM (Smart Lander for Investigating Moon) ឡើងទៅកាន់ឋានព្រះចន្ទនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ។ ជាលើកដំបូងសម្រាប់ការប្រឹងប្រែង ដើម្បីចុះចតដោយ «ថ្នមៗ» លើផ្ទៃព្រះចន្ទ របស់យានអវកាសជប៉ុន ដែលគ្រោងនឹងធ្វើឡើងនៅវេលាម៉ោង១២ ថ្ងៃត្រង់ ក្នុងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ (ម៉ោងក្នុងស្រុក)។
ដំណើរការចុះចតនឹងធ្វើឡើងក្នុងរយៈពេល 20 នាទី និងត្រូវបានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍។ បើយោងតាម ចាសា យានចុះចត SLIM ដែលមានបណ្ដោយ 2.7 ម៉ែត្រ នឹងហោះចូលដល់គន្លងតារាវិថីព្រះចន្ទនៅថ្ងៃទី 25 ធ្នូ ឆ្នាំ 2023 ហើយប្រហែលមួយខែក្រោយមក វានឹងធ្វើការចុះចត ។ បើសិនជោគជ័យ ជប៉ុននឹងក្លាយជាប្រទេសទីប្រាំដែលមានយានចុះចតលើឋានព្រះចន្ទ បន្ទាប់ពី សូវៀត អាមេរិក ចិន និងឥណ្ឌា។
ចាសាបានឱ្យដឹងថា យានចុះចត SLIM នឹងនាំយករ៉ូបូតស្រាវជ្រាវពីរគ្រឿងទៅតាមខ្លួន។ រ៉ូបូតទាំងនេះនឹងត្រូវបានដាក់ពង្រាយលើផ្ទៃព្រះចន្ទ បន្ទាប់ពីបានចុះចត។
បេសកកម្ម SLIM មិនមែនជាការសាកល្បងចុះចតលើឋានព្រះចន្ទជាលើកដំបូងរបស់ ប្រទេសជប៉ុននោះទេ។ មុននោះ កាលពីដើមឆ្នាំនេះ យានចុះចតរបស់ជប៉ុន Hakuto-R ក៏បានទទួលជោគជ័យក្នុងការហោះចូលដល់គន្លងតារាវិថីព្រះចន្ទ បើទោះជាក្រោយមកវាបានបរាជ័យ ក្នុងការចុះចតលើឋានរណបមួយនេះក៏ដោយ៕