យោធាចិន៖ កប៉ាល់កងទ័ពជើងទឹកអាមេរិក ចូលបូរណភាពទឹកដី នៅសមុទ្រចិន ខាងត្បូង ដោយខុសច្បាប់។
ចិន៖ កប៉ាល់កងទ័ពជើងទឹក អាមេរិកមួយគ្រឿង បានចូលដែនទឹកដោយខុសច្បាប់នៅ Second Thomas Shoal ដែលជាដែនទឹកសមុទ្រចិន ខាងត្បូង ខណៈមានជម្លោះដែលថ្មីៗនេះ បានឃើញការប្រឈមមុខដាក់គ្នា ក្នុងដែនសមុទ្រជាច្រើន នេះយោងតាមយោធាចិនបានលើកឡើងកាលពីថ្ងៃចន្ទ ។
អ្នកនាំពាក្យសម្រាប់ប្រតិបត្តិការ Southern Theater របស់ប្រទេសចិនបាននិយាយ ក្នុងសេចក្តីថ្លែងការណ៍មួយថា «អាមេរិកបានធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់» ដោយបន្ថែមថា អាមេរិកបានរំខានសមុទ្រចិនខាងត្បូង និងរំលោភលើអធិបតេយ្យភាពរបស់ចិន នេះយោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹង ។
ប្រទេសចិនកំពុងមានជម្លោះ ជាមួយប្រទេសជិតខាងមួយចំនួន ជុំវិញការទាមទារដែនទឹក យ៉ាងទូលំទូលាយក្នុងសមុទ្រចិនខាងត្បូង។ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយថា នាវា USS Gabrielle Giffords ដែលជានាវាចម្បាំងថ្នាក់ Independence-class បានធ្វើប្រតិបត្តិការជាប្រចាំ នៅក្នុងដែនទឹកអន្តរជាតិ ក្នុងសមុទ្រចិនខាងត្បូង ស្របតាមច្បាប់អន្តរជាតិ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងនាវាចរអាមេរិកបាននិយាយថា “ជារៀងរាល់ថ្ងៃ កងនាវាចរទី ៧ របស់សហរដ្ឋអាមេរិក ប្រតិបត្តិការនៅក្នុង សមុទ្រចិនខាងត្បូង ដូចដែលពួកគេមានអស់ជាច្រើនទសវត្សរ៍មកហើយ” ។ “ប្រតិបត្តិការទាំងនេះ បង្ហាញឱ្យឃើញយើងប្តេជ្ញា រក្សាតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ”។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ចិនបានប្រឆាំងជាច្រើនដងជាមួយកប៉ាល់ហ្វីលីពីន និងបានតវ៉ាអំពីនាវាអាមេរិកដែលដើរល្បាតតំបន់ជម្លោះ៕