ការបង្កើតក្រុមការងារ បញ្ឈប់ការផ្គត់ផ្គង់ប្រេង អ៊ីរ៉ង់ ដល់អ៊ីស្រាអែល.
អ៊ីរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានបង្កើតក្រុមការងារពិសេសមួយ ដើម្បីរិះរកមធ្យោបាយ ដើម្បីបញ្ឈប់ការផ្គត់ផ្គង់ ប្រេងឥន្ធនៈដល់អ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានស្រង់រាយការណ៍ពីទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA ។
នៅរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់ នៅក្នុងកិច្ចប្រជុំដែលធ្វើឡើង ដើម្បីបង្ហាញការគាំទ្រដល់ប៉ាឡេស្ទីន អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ទទួលបន្ទុកកិច្ចការនយោបាយលោក Ali Bagheri Kani បានឲ្យដឹងថា ក្រសួងបានបង្កើតក្រុម ដើម្បីចូលរួមជាមួយក្រុមហ៊ុនផ្គត់ផ្គង់ ប្រេងឥន្ធនៈរបស់អ៊ីស្រាអែល ដើម្បីបញ្ឈប់អ៊ីស្រាអែល ពីការបង្កើនទុនបម្រុងប្រេងឥន្ធនៈរបស់ខ្លួន ។
បន្ទាប់ពីមានការកត់សម្គាល់ របស់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ali Khamenei ក៏មានចំណាត់ការនេះបានធ្វើឡើង ដោយកាលពីខែមុន លោកបានជំរុញឱ្យរដ្ឋមូស្លីម បញ្ឈប់ការនាំចេញប្រេង ទៅកាន់ប្រទេសអ៊ីស្រាអែល ។
អ៊ីរ៉ង់ ជាគូបដិបក្ខយ៉ាងខ្លាំង ចំពោះការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា ដែលបានសម្លាប់មនុស្ស ១៥,២០០ នាក់នៅក្នុងតំបន់ប៉ាឡេស្ទីន។ ការវាយប្រហាររបស់អ៊ីស្រាអែល ត្រូវបានបង្កឡើងដោយការវាយប្រហារ ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាស ទៅលើភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ក្នុងអំឡុងពេលនោះមនុស្សប្រហែល ១,២០០ នាក់ត្រូវបានសម្លាប់ និងប្រហែល ២៤០ នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ៕