ក្រុមហ៊ុនចំនួន៦ របស់ចិន ស្វែងរកកាលានុវត្តភាពវិនិយោគ នៅកម្ពុជា លើវិស័យសុខាភិបាល ថាមពលឥន្ធនៈ និងគម្រោងដាំថ្នាំរុក្ខជាតិប្រើប្រាស់ជាឱសថបុរាណ។

ភ្នំពេញ៖ ឧស្សាហកម្មចម្រុះវិស័យនៃខេត្ត Ji Lin ប្រទេសចិន មានក្រុមហ៊ុនចំនួន ៦ បានមកស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា លើគម្រោងវិនិយោគលើវិស័យសុខាភិបាល ថាមពលឥន្ធនៈ និងគម្រោងដាំថ្នាំរុក្ខជាតិប្រើប្រាស់ជាឱសថបុរាណ ជាដើម ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃចន្ទម្សិលមិញនេះ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មខេត្ត Ji Lin ប្រទេសចិន ដែលមានបំណងស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជា។

ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាន់ព័ន្ធ ក្រុមហ៊ុន Union Development Group ដែលកំពុងវិនិយោគលើគម្រោងធំៗនៅកម្ពុជា និងក្រុមហ៊ុនចិនចំនួន ៦ទៀត ដែលជាសមាជិកនៃក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មខេត្ត Ji Lin ដែលមានបំណងវិនិយោគនៅកម្ពុជាផងដែរ។

គណៈប្រតិភូនៃក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មខេត្ត Ji Lin ក្នុងដំណើរទស្សនកិច្ចមកកម្ពុជាលើកនេះ មានបំណងស្វែងយល់អំពីគោលនយោបាយ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងការវិនិយោគនៅកម្ពុជា ដោយក្នុងនោះភាគីទាំងពីរបានជជែកពិភាក្សាលើគម្រោងវិនិយោគលើវិស័យសុខាភិបាល ថាមពលឥន្ធនៈ និងគម្រោងដាំថ្នាំរុក្ខជាតិប្រើប្រាស់ជាឱសថបុរាណជាដើម។

ក្នុងកិច្ចប្រជុំនាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើសុំឱ្យបណ្ដាក្រុមហ៊ុនទាំងអស់ដែលមានបំណងវិនិយោគលើវិស័យនានានៅកម្ពុជា សូមរៀបចំដាក់ពាក់ស្នើសុំគម្រោងវិនិយោគដោយភ្ជាប់មកជាមួយការសិក្សាលម្អិតរបស់ខ្លួនមកកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីពិនិត្យអនុវត្តនីតិវិធីបន្ត។

ទន្ទឹមគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការជួយសម្របសម្រួលសំណើសុំគម្រោងវិនិយោគនានា ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ជូនដល់បណ្ដាក្រុមហ៊ុននានា សំដៅធ្វើយ៉ាងណាលើកទឹកចិត្តវិនិយោគិន បង្កើនការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។

ក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មខេត្ត Ji Lin ប្រទេសចិន (CCPIT Jilin Provincial Committee) បង្កើតឡើងក្នុងឆ្នាំ១៩៧៩ គឺជាអង្គការសេដ្ឋកិច្ច និងពាណិជ្ជកម្មបរទេស ដែលមានការចូលរួមពីតំណាងអាជីវកម្ម ក្រុមហ៊ុន សមាគម និងស្ថាប័ននានា៕