ប្រមុខដឹកនាំកោះតៃវ៉ាន់៖ ជំរុញឱ្យពលរដ្ឋយកស្ថានការណ៍ នៅហុងកុងជាគំរូ ស្របពេលការបោះឆ្នោតខិតជិតមកដល់។

តៃវ៉ាន់៖ លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ បានធើ្វការអំពាវនាវទៅកាន់ពលរដ្ឋតៃវ៉ាន់ ដែលត្រៀមខ្លួនចូលរួមបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីនៅដើមឆ្នាំ ២០២៤ខាងមុខនេះ ឱ្យមើលគំរូដែលបានកើតឡើងនៅហុងកុង និងត្រូវធើ្វការសម្រេចចិត្តដោយមានការទទួលខុសខ្ពស់ ចំពោះជោគវាសនារបស់កោះតៃវ៉ាន់ នៅថ្ងៃអនាគត ខណៈលោកស្រីបានថ្លែងសង្កាត់ធ្ងន់ថា សន្ដិភាពអាចធានាទៅបានជាយូរអង្វែងលុះត្រាតែតៃវ៉ាន់មានភាពរឹងមាំផ្នែកវិស័យយោធា។

សូមបញ្ជាក់ថា កោះតៃវ៉ាន់ត្រៀមរៀបចំការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៤ នៅស្របពេលប្រទេសចិនបានបន្តការដាក់ពង្រាយយោធា នៅក្បែរតំបន់ដែនកោះតៃវ៉ាន់ ដែលចិនតែងចាត់ទុកថាជាដែនអធិបតេយ្យភាពមួយរបស់ខ្លួន ដើម្បីជាសញ្ញាព្រមាន និងដាក់សម្ពាធទៅដល់រដ្ឋាភិបាលទីក្រុងតៃប៉ិ។

ពាក់ព័ន្ធនឹងស្ថានការណ៍បោះឆ្នោតនៅតៃវ៉ាន់នេះដែរ គណបក្សប្រឆាំងដ៏ធំរបស់កោះតៃវ៉ាន់ គឺគណបក្ស គួមីងតាំង (Kuomintang) បានចាត់ទុកការបោះឆ្នោតជ្រើសរើសមេដឹកនាំនៅថ្ងៃខាងមុខ ”គឺជាជម្រើសរវាងសង្រ្គាមនិងសន្តិភាព” នៅតៃវ៉ាន់ ខណៈរដ្ឋាភិបាលទីក្រុងប៉េកាំងបានបង្ហាញជំហរប្រឆាំងដាច់ខាតចំពោះគោលនយោបាយប៉ុនប៉ងបំបែករដ្ឋរបស់គណបក្សវឌ្ឍនភាពដើម្បីលទ្ធិប្រជាធិបតេយ្យ (DPP) របស់លោកស្រី Tsai Ing-wen ស្របពេលបេក្ខភាពប្រធានាធិបតីរបស់គណបក្ស DPP ខ្លួនឯង គឺលោក Lai Ching-te ក៏ធ្លាប់បានចាត់ទុកនយោបាយដឹកនាំរបស់លោកស្រី Tsai Ing-wen ថាជាមាគ៌ាប្រកបដោយគ្រោះថ្នាក់សម្រាប់អនាគតរបស់កោះតៃវ៉ាន់ផងដែរ។

នៅឯទីប្រមូលផ្តុំគ្នាមួយក្នុងរដ្ឋធានីតៃប៉ិ លោកស្រី Tsai ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រ បាននិយាយថា៖ គណបក្សប្រឆាំងគួមីងតាំងបានកំពុងយក “បញ្ហាសង្គ្រាមនិងសន្តិភាព” ដើម្បីបំបាក់ស្មារតីរបស់ពលរដ្ឋតៃវ៉ាន់កុំឱ្យបន្តជ្រើសរើសមេដឹកនាំដែលខ្លួនស្រលាញ់ពេញចិត្ត។ លោកស្រីបានបន្តជំរុញឱ្យអ្នកបោះឆ្នោតត្រូវមើលគំរូដែលបានកើតឡើងនៅទីក្រុងហុងកុង បន្ទាប់ពីរដ្ឋាភិបាលចិនបានប្រើប្រាស់នយោបាយគាបសង្កត់សិទ្ធិសេរីភាពរបស់ពលរដ្ឋហុងកុងនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ៕ ប្រភព៖ Reuters Connect