អេស្តូនី បិទព្រំដែនជាមួយរុស្ស៊ី ខណៈការកើនឡើងនៃចរាចរណ៍អ្នកដំណើរពីហ្វាំងឡង់

អេស្តូនី ៖ លោក Eve Kalmus ប្រធាននាយកដ្ឋានឆ្មាំល្បាតព្រំដែននៃនគរបាលអេស្តូនី និងក្រុមប្រឹក្សាការពារព្រំដែនថា ប្រទេសអេស្តូនី អាចបិទចំណុចឆ្លងកាត់ព្រំដែនជាមួយរុស្ស៊ី «យ៉ាងលឿន» ដោយសារតែការកើនឡើងគួរឲ្យកត់សម្គាល់នៃចំនួនមនុស្សឆ្លងកាត់ ចាប់តាំងពីហ្វាំងឡង់ បានចាប់ផ្តើមបិទព្រំដែនជាមួយរុស្ស៊ី នេះយោងតាម សារព័ត៌មាន Yle បានឲ្យដឹងកាលពីថ្ងៃទី២ ខែធ្នូ ។

ក្នុងប្រទេសអេស្តូនី ការកើនឡើងនៃចរាចរណ៍ ត្រូវបានកត់ត្រានៅឯប៉ុស្តិ៍ត្រួតពិនិត្យ Narva បន្ទាប់ពីហ្វាំងឡង់បានបិទទាំងស្រុងនូវចំណុចឆ្លងកាត់ព្រំដែនរបស់ខ្លួន ជាមួយប្រទេសរុស្ស៊ី។ មនុស្សប្រហែល ១.០០០នាក់ទៀត បានឆ្លងកាត់ព្រំដែនអេស្តូនី-រុស្ស៊ី នៅមុនពេលប្រទេសហ្វាំងឡង់ ធ្វើការសម្រេចចិត្ត។

ការកើនឡើងនេះ គឺស្ទើរតែទាំងស្រុងដោយសារតែចរាចរណ៍ពីហ្វាំងឡង់ ទៅកាន់ប្រទេសរុស្ស៊ី។ បើសិនអេស្តូនីសម្រេចបិទព្រំដែន នោះនឹងត្រូវធ្វើយ៉ាងឆាប់បំផុត ។ ចំណុចឆ្លងកាត់ អាចត្រូវបានបិទក្នុង   រយៈពេលមួយម៉ោង បន្ទាប់ពីមានការសម្រេចពីរដ្ឋាភិបាល ៕