លោកអឺដូហ្កាន់លើកឡើងពី នាយករដ្ឋមន្រ្ដីអ៊ីស្រាអែលនឹងត្រូវកាត់ទោសពីបទឧក្រិដ្ឋសង្រ្គាម។
ទួរគី ៖ លោក ថៃយីប អឺដូហ្កាន់ ប្រធានាធិបតីទួរគី បានថ្លែងកាលពីថ្ងៃចន្ទនេះថា លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល ទំនងជានឹងត្រូវកាត់ទោសពីបទឧក្រិដ្ឋកម្មសង្រ្គាម ចំពោះការបន្ដវាយលុករបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា ស្រ្ទីប ។
នៅក្នុងបទអន្ដរាគមន៍មួយទៅកាន់កិច្ចប្រជុំរបស់ អង្គការគណៈកម្មាធិការសហប្រតិបត្ដិការអ៊ីស្លាម ក្នុងទីក្រុងអ៊ីស្ដង់ប៊ុល លោក អឺដូហ្កាន់ បានថ្លែងថា លោកណេតាន់យ៉ាហ៊ូ បានទទួលស្គាល់ថា លោកគឺ កំពុងបន្ដគោលនយោបាយវាទីនិយម ដោយបានបន្ថែមថា ការការពារតំបន់ហ្កាហ្សាឥឡូវនេះ គឺដូចគ្នានឹងការការពារក្រុងអ៊ីស្លាមផ្សេងទៀតក្នុងតំបន់។
ការចង់និយាយសំដៅដល់ លោក ស្លូបូដាន់ មីឡូសេវិក អតីតប្រធានាធិបតីយូហ្គោស្លាវី ដែលត្រូវបានគេកាត់ទោសពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្រ្គាម នៅឯសាលាក្ដីក្រុងឡាអេ លោកអឺដូហ្កាន់ បានបន្តថា នៅចំពោះមុខឧក្រិដ្ឋកម្មសង្រ្គាម លោក ណេតាន់យ៉ាហ៊ូ ដែលជាអ្នកសម្លាប់រង្គាល ក្នុងតំបន់ហ្កហ្សា ឥឡូវនេះនឹងត្រូវកាត់ទោសពីបទមនុស្សឃាត ក្នុងតំបន់ហ្កាហ្សាដូចគ្នានឹងលោក មីឡូសេវិក ដែលត្រូវបានគេកាត់ទោសពីបទប្រល័យពូជសាសន៍ផងដែរ ។
ប្រទេសទួរគី ដែលជាអ្នកគាំទ្រដំណោះស្រាយរដ្ឋពីរសម្រាប់ជម្លោះ ដែលមានជាច្រើនទសវត្សន៍មកនោះ បានរិះគន់ប្រទេសអ៊ីស្រាអែលធ្ងន់ៗ ទៅលើយុទ្ធនាការរបស់ខ្លួនក្នុងតំបន់ហ្កាហ្សា ដែលបានចាប់ផ្ដើមឆ្លើយតបទៅនឹងពួកសកម្មប្រយុទ្ធហាម៉ាស ដែលបានវាយប្រហាកាលពីថ្ងៃទី៧តុលាកន្លងទៅនេះ ។ យោងតាមក្រសួងសុខាភិបាលតំបន់ហ្កហ្សាបានអោយដឹងថា មនុស្សជាង ១៥,៥០០នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសនិងថ្មើរជើងរបស់អ៊ីស្រាអែល ៕