មន្រ្តីហាម៉ាស់នៅលីបង់៖ គ្មានកន្លែងមានសុវត្ថិភាពនោះទេ នៅតំបន់ហ្គាហ្សាស្រ្ទីប។
លីបង់៖ មន្រ្តីមួយរូបរបស់ក្រុមហាម៉ាស់ នៅលីបង់ គឺលោក Osama Hamdan និយាយប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យ នៅទីក្រុង Beirutថា គ្មានកន្លែងដែលមានសុវត្ថិភាពនោះទេ នៅតំបន់ហ្គាហ្សាស្រ្ទីប ។
លោកលើកឡើងថា អ៊ីស្រាអែលនិយាយកុហសថា មានកន្លែងសុវត្ថិភាពនៅភាគខាងត្បូងតំបន់ហ្គាហ្សា ដែលជាផ្នែកមួយនៃផែនការដាក់អន្ទាក់ជនប៉ាឡេស្ទីនជាមួយនឹងគោលបំណងសម្លាប់ជនស៊ីវិល ។
លោក Hamdan បានអំពាវនាដល់បែលហ្ស៊ិក និងអេស្ប៉ាញឲ្យបង្កើតគោលជំហរត្រឹមត្រូវ និងមុតមាំរបស់ពួកគេ ដើម្បីនាំក្រុមចលនាអន្តរជាតិ និងអឺរ៉ុប ធ្វើដំណើរទៅកាន់តំបន់ហ្គាហ្សា ដើម្បីមើលឃើញជាក់ស្តែងពីស្ថានភាពដ៏លំបាករបស់ជនប៉ាឡេស្ទីន ។
សូមរំលឹកថា កាលពីថ្ងៃសៅរ៍កន្លងទៅ លោក Alexander De Croo នាយករដ្ឋមន្រ្តីបែលហ្ស៊ិក និយាយថា លោកបាននិយាយជាមួយប្រធានាធិបតីអ៊ីស្រាអែល បន្ទាប់ពីការចាប់ផ្តើមឡើងវិញសង្រ្គាមនៅក្នុងតំបន់ហ្គាហ្សា ហើយលោកបាននិយាយប្រាប់គាត់ថា មិនអាចមានការសម្លាប់ជនស៊ីវិលបន្ថែមទៀតនោះទេ ។
ចំនែក លោក Pedro Sanchez នាយករដ្ឋមន្រ្តីអេស្ប៉ាញ បាននិយាយជាមួយសមាជិកគណៈរដ្ឋមន្រ្តីទទួលបន្ទុកសង្រ្គាមអ៊ីស្រាអែល លោក Benny Gantz កាលពីថ្ងៃសុក្រ ដើម្បីព្យាយាមបន្ធូបន្ថយភាពតានតឹងរវាងប្រទេសទាំង ២ ក្រោយសេចក្តីអធិប្បាយរបស់លោក Sanchez បានធ្វើឲ្យអ៊ីស្រាអែលខឹងសម្បារជាលើកទី ២ក្នុងរយៈពេល ១សប្តាហ៍រួចមក ៕