បាល់ទាត់នារីអេស្ប៉ាញឈ្នះអង់គ្លេសក្នុងប្រវត្តិសាស្រ្ត លើកពានជើងឯកពិភពលោកលើកដំបូង
អូស្រ្តាលី៖ បន្ទាប់ពីចាញ់ក្រុមបាល់ទាត់នារីអេស្ប៉ាញនៅវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងស៊ីដនីប្រទេសអូស្រ្តាលី ក្រុមបាល់ទាត់នារីអង់គ្លេស ត្រូវរង់ចាំឈ្នះជើងឯកបាល់ទាត់នារីជើងឯកពិភពលោកបន្តទៀត។ មិនថានារីរឺបុរសតាំងពីក្រុមបុរសឈ្នះចុងក្រោយគេបង្អស់តាំងពីឆ្នាំ១៩៦៦ លើទឹកដីរបស់ខ្លួន អង់គ្លេសខកខានឈ្នះជើងឯកបាល់ទាត់ពិភពលោកជាបន្តបន្ទាប់។
ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្នុងការបង្ហាញខ្លួននៅវគ្គផ្តាច់ព្រ័ត្រ ប្រធានក្រុមអេស្ប៉ាញ កីឡាការិនី Olga Carmona គឺជាអ្នកសំរេចគ្រាប់បាល់ជ័យជំនះតែមួយគ្រាប់គត់តាំងពីនាទីទី ២៩ និងរក្សាការនាំមុខរហូតដល់ចប់ការប្រកួត ដើម្បីជួយក្រុមនារីអេស្ប៉ាញគ្រងជើងឯកបាល់ទាត់នារីពិភពលោក លើកទី១នេះ។
អេស្ប៉ាញលើកពាននៅពេលនេះ ស្ថិតក្រោមពពកខ្មៅនៃរឿងចម្រូងចម្រាសជាមួយសហព័ន្ធបាល់ទាត់អេស្ប៉ាញ។
គេនៅចាំបានថា កាលពី ១២ខែមុនធ្លាប់បានធ្វើពហិការចាកចេញពីក្រុមជម្រើសជាតិ ប្រសិនបើគ្រូបង្វឹក បច្ចុប្បន្នលោក Jorge Vilda មិនត្រូវបានបណ្តេញចេញទេនោះក្រុមកីឡាការនីអេស្ប៉ាញចំនួន ១៥នាក់ជាអ្នកចាកចេញ។
យ៉ាងណាក្តី កីឡាការិនីទាំង ១៥ នាក់នោះ បានច្រាលចោលព័ត៌មានទាំងនោះ តែធ្លាប់បានរិះគន់ពីយុទ្ធពិធីក្នុងការដឹកនាំរបស់លោក Vilda។
មកទល់ពេលនេះ ក្រុមនារីអេស្ប៉ាញបានជម្រះរាល់រឿងយល់ច្រឡំនឹងគ្រូបង្វឹករបស់ខ្លួនទាំងឡាយ មកឈ្នះជើងឯកពិភពលោក។
អេស្ប៉ាញនៅពេលនេះបានក្លាយជាប្រទេសទី ៥ ប៉ុណ្ណោះដែលធ្លាប់ឈ្នះជើងឯកពិភពលោកបន្ទាប់ពីអាមេរិកឈ្នះ ៤ លើក អាល្លឺម៉ង់ ២ លើក ន័រវេស ១ លើក និងជប៉ុន ១ លើក៕