សិង្ហបុរី រំពឹងថានឹងមើលឃើញកំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ ២០២៣នេះ បើតាមលោក Lee Hsien Loong
សិង្ហបុរី៖ ថ្លែងអំឡុងសុន្ទកថាប្រចាំឆ្នាំ National Day Rally លោក នាយករដ្ឋមន្រ្តីសិង្ហបុរីលោក Lee Hsien Loong និយាយកាលពីថ្ងៃអាទិត្យថា ប្រទេសរបស់លោករំពឹងថានឹងមើលឃើញកំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ ២០២៣នេះ ស្របជាមួយនោះ លោក Lee ក៏បាននិយាយព្រមានដល់ប្រជាពលរដ្ឋសិង្ហបុរីថា ទោះបីជាយ៉ាងណាក៏ដោយ ការឡើងកម្តៅផែនដី នឹងធ្វើឲ្យប៉ះពាល់ដល់ផលិតកម្មចំណីអាហារ និងតម្លៃសកល ។
លោកថា ការឡើងកម្តៅផែនដី ពិភពលោកកំពុងឆ្លងកាត់អាកាសធាតុក្តៅជាងមុន ។ ចាប់ពីប្រទេសចិន ដល់ជប៉ុន ដល់អឺរ៉ុប និងសហរដ្ឋអាមេរិក គ្មានតំបន់ណាមួយថាគ្មានទឹកជំនន់ គ្រោះរាំងស្ងួត រលកកម្តៅ និងភ្លើងឆេះព្រៃនោះទេ ។ នេះនឹងធ្វើឲ្យប៉ះពាល់ដល់ការផលិតចំណីអាហារ និងតម្លៃនៅលើពិភពលោក ។ លោកបន្តថា ក្តីសង្ឃឹមប្រទេសរបស់លោកនឹងជៀសផុតពីវិបត្តិសេដ្ឋកិច្ច ប៉ុន្តែលោកថា ទោះបីជាយ៉ាងក៏ដោយអតិផរណា នឹងនៅតែខ្ពស់ជាងអ្វីដែលពួកយើងធ្លាប់ជួប ។ អត្រាអតិផរណាស្នូលប្រចាំឆ្នាំរបស់សិង្ហបុរី ដែលមិនបូករួមការដឹកជញ្ជូនតាមផ្លូវឯកជន និងថ្លៃស្នាក់នៅ បានធ្លាក់ចុះមកនៅ ៤,២ភាគរយក្នុងខែមិថុនា ពីចំនួន ៤,៧ភាគរយកាលខែឧសភា ។
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍នេះដែរ លោក Leeនិយាយផងដែរថា ជម្លោះរឿងអាស្រូវនយោបាយដែលបានអង្រួនគណបក្សសកម្មភាពប្រជាជន(PAP)ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ នឹងមិនពន្យាពេលការបន្តភាពជាអ្នកដឹកនាំរបស់លោកនោះទេ ហើយលោកមានរាល់ជំនឿចិត្តលើលោកឧបនាយករដ្ឋមន្រ្តី Lawrence Wong ។
សូមបញ្ជាក់ថា សង្ហបុរី នឹងរៀបចំការបោះឆ្នោតនៅឆ្នាំ ២០២៥ខាងមុខនេះ ហើយគណបក្ស PAPបន្តក្តោបក្តាប់អំណាច ចាប់តាំងពីសង្ហបុរីក្លាយជាប្រទេសឯករាជ្យកាលពីឆ្នាំ ១៩៦៥រហូតមក ៕