អ៊ីរ៉ង់៖ ឲ្យអ៊ីស្រាអែលនិងអាមេរិក បញ្ឈប់ការវាយប្រហារជាបន្ទាន់ លើតំបន់ហ្គាហ្សា មុនពេលអ្វីៗត្រូវយឺតពេល។

អ៊ីរ៉ង់ ៖ លោក Hossein Amir-Abdollahian រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ កាលពីថ្ងៃសុក្រ បានអំពាវនាវឱ្យអ៊ីស្រាអែល និងសហរដ្ឋអាមេរិក “បញ្ឈប់សង្គ្រាមនៅហ្គាហ្សាជាបន្ទាន់ មុនពេលវាយឺតពេល” ។

លោក Amir-Abdollahian នៅក្នុងការបង្ហោះនៅលើវេទិកា ប្រព័ន្ធផ្សព្វផ្សាយសង្គម X បានឲ្យដឹងថា មិនមានដំណោះស្រាយ ចំពោះវិបត្តិនោះទេ ប៉ុន្តែជា “បទឈប់បាញ់បើកចំហ” ដែលបញ្ជូនជំនួយមនុស្សធម៌យ៉ាងទូលំទូលាយទៅកាន់តំបន់ហ្គាហ្សា និងឈានដល់កិច្ចព្រមព្រៀង ស្តីពីការផ្លាស់ប្តូរចំណាប់ខ្មាំង-អ្នកទោសរវាងភាគីទាំងពីរ។

ការព្រមព្រៀងគ្នាលើបទឈប់បាញ់មនុស្សធម៌កាលពីថ្ងៃទី២៤ ខែវិច្ឆិកា អ៊ីស្រាអែល និងក្រុមហាម៉ាស តែការប្រយុទ្ធគ្នារវាងភាគីទាំងពីរបានចាប់ផ្តើមឡើងវិញកាលពីព្រឹកថ្ងៃសុក្រ បន្ទាប់ពីអ៊ីស្រាអែល បានចោទប្រកាន់ក្រុមហាម៉ាសថា បានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងការបាញ់ប្រហារលើទឹកដីអ៊ីស្រាអែល ។

យោងតាមតួលេខដែលចេញផ្សាយដោយក្រសួងសុខាភិបាល ដែលមានមូលដ្ឋាននៅហ្គាហ្សា ការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃសុក្របានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ១០៩នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ ។

នៅលើ X អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani នៅក្នុងការប្រកាស កាលពីថ្ងៃសុក្របានថ្កោលទោសអ៊ីស្រាអែលចំពោះ “ការរំលោភលើបទឈប់បាញ់ និងការបន្តការឈ្លានពានយោធារបស់ខ្លួន” ប្រឆាំងនឹងហ្គាហ្សា ។

លោក Kanaani បានសង្កត់ធ្ងន់ថា ការវាយប្រហាររបស់អ៊ីស្រាអែល បានកើតឡើងនៅពេលដែលប្រជាជន និងរដ្ឋាភិបាលភាគច្រើននៃពិភពលោក កំពុងអំពាវនាវឱ្យមានការពន្យារពេលបទឈប់បាញ់ និងការបញ្ឈប់ទាំងស្រុងនៃការវាយប្រហាររបស់អ៊ីស្រាអែលប្រឆាំងនឹងតំបន់ហ្គាហ្សា និងតំបន់វេសបែង ដោយបន្ថែមជនស៊ីវិល កុមារ និងស្ត្រីម្តងទៀតនឹងក្លាយជា “ជនរងគ្រោះចម្បង” នៃការវាយប្រហារឧក្រិដ្ឋកម្មរបស់យោធាអ៊ីស្រាអែល”៕