លោក Kissinger ត្រូវបានចិនកាន់មរណទុក្ខជាមិត្តចាស់ បើកឱកាសសម្រាប់ចំណងមិត្តភាពអាមេរិក។

ចិន ៖ លោក ហិនរី ឃីសស៊ីងជើ (Henry Kissinger) ជារដ្ឋបុរសរបស់អាមេរិកបានមរណភាព ក៏កំពុងត្រូវបានកាន់ទុក្ខយ៉ាងក្រៀមក្រំនៅក្នុងប្រទេសចិន ជាទីដែលលោកត្រូវបានគេលើកសរសើរ កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ថា ជា «មិត្តចាស់» សម្រាប់តួនាទីក្នុងការទំនាក់ទំនងអំឡុងសតវត្សទី២០ រវាងប្រទេសទាំងពីរ ។

ក្រុមហ៊ុនប្រឹក្សារបស់លោក បានប្រកាសថាលោក ឃីសស៊ីងជើ វ័យ ១០០ឆ្នាំ បានមរណភាព កាលពីថ្ងៃពុធ នៅគេហដ្ឋានរបស់ខ្លួនក្នុងរដ្ឋ ខនណិកធីខាត់ (Connecticut) សហរដ្ឋអាមេរិក ។ ដំណឹងនេះបានទាក់ទាញ ការរំលែកទុក្ខពីបណ្ដាមន្ត្រីជាន់ខ្ពស់ និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅទីក្រុងប៉េកាំង ដែលលោក ឃីសស៊ីងជើ បានទៅទស្សនៈកិច្ចនាពេលថ្មីៗនេះ ។

ការបើកឱកាសរបស់ចិនទៅកាន់សហរដ្ឋអាមេរិក បន្ទាប់ពីភាពឯកោជាសកលជាច្រើនទសវត្សរ៍ ធ្វើឡើងបន្ទាប់ពីដំណើរទស្សនៈកិច្ចសម្ងាត់របស់លោក ឃីសស៊ីងជើ ទៅកាន់ប្រទេសចិន ដែលបានក្រាលផ្លូវសម្រាប់ការធ្វើដំណើរជាប្រវត្តិសាស្ត្រ ដោយអតីតប្រធានាធិបតីអាមេរិក លោក នីសុន (Nixon) នៅឆ្នាំបន្ទាប់ និងការបង្កើតទំនាក់ទំនងផ្លូវការរវាងសហរដ្ឋអាមេរិក និងចិន ក្នុងឆ្នាំ១៩៧៩ ។

ក្នុងនាមជាអ្នកការទូត និងអ្នកជំនួញ លោក ឃីសស៊ីងជើ បានសកម្មយ៉ាងខ្លាំងនៅក្នុងប្រទេសចិន ហើយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ លោកតែងតែសម្តែងការព្រួយបារម្ភអំពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន នៅពេលដែលប្រទេសទាំងពីរបានប៉ះទង្គិចគ្នាលើបញ្ហាជាច្រើន រួមមានពាណិជ្ជកម្ម បច្ចេកវិទ្យា សិទ្ធិមនុស្ស ស្ថានភាពរបស់កោះតៃវ៉ាន់ ព្រមទាំងតួនាទីរបស់ចិនលើសង្គ្រាមនៅអ៊ុយក្រែន និងមជ្ឈឹមបូព៌ា ។

លោកប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping) និងបណ្ដាមន្ត្រីជាន់ខ្ពស់ផ្សេងទៀត បានផ្ញើសារចូលរួមរំលែកទុក្ខដល់លោកប្រធានាធិបតី ចូ បៃដិន ដោយហៅលោក ឃីសស៊ីងជើ ថាជាមិត្តចាស់ និងមិត្តជាទីស្រឡាញ់របស់ប្រជាជនចិន និងជាអ្នកនយោបាយនាំមុខគេផងដែរ យោងតាមក្រសួងការបរទេសចិនបានលើកឡើង កាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះ៕