ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅអេស្ប៉ាញ កោះហៅត្រឡប់មកវិញចំពេលមានជម្លោះ កើនឡើង។

អ៊ីស្រាអែល ៖ ការកោះហៅឲ្យត្រឡប់មកវិញ នូវឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅទីក្រុងម៉ាឌ្រីដ របស់រដ្ឋាភិបាលអ៊ីស្រាអែល បន្ទាប់ពីនាយករដ្ឋមន្រ្តីអេស្ប៉ាញ បានថ្លែងថា លោកមាន «ការសង្ស័យយ៉ាងធ្ងន់ធ្ងរថា អ៊ីស្រាអែល កំពុងអនុវត្តតាមច្បាប់មនុស្សធម៌អន្តរជាតិ» នៅក្នុងការទម្លាក់គ្រាប់បែករបស់ខ្លួន ទៅលើតំបន់ហ្កាហ្សា ។ ការអត្ថាធិប្បាយរបស់លោក Pedro Sanchez ត្រូវបានធ្វើឡើង ក្នុងអំឡុងពេលកិច្ចសម្ភាសន៍មួយ នៅលើទូរទស្សន៍រដ្ឋអេស្ប៉ាញ TVE កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ។

លោកបានបន្តថា ខណៈអ្វីដែលក្រុមហាម៉ាស បានធ្វើចំពោះអ៊ីស្រាអែលគឺ «ឃោរឃៅ និងគួរឲ្យស្អប់ខ្ពើម» វីដេអូដែលចេញពីតំបន់ហ្កាហ្សា រួមជាមួយនឹង «ចំនួនកុមារដែលស្លាប់កំពុងកើនឡើង» ធ្វើឲ្យលោកព្រួយបារម្ភយ៉ាងខាងខ្លាំង ។

ការអត្ថាធិប្បាយនេះ គំរាមកំហែងធ្វើឲ្យកាន់តែកើនឡើងនូវជម្លោះការទូត ដែលបានកើតឡើងកាលពី សប្តាហ៍មុន នៅពេលដែលលោកបានធ្វើសុន្ទរកថា នៅតាមព្រំដែនហ្កាហ្សាជាមួយប្រទេសអេហ្ស៊ីប ដោយបានថ្កោលទោសដល់ «ការសម្លាប់ជនស៊ីវិលស្លូតត្រង់»ដោយគ្មានរើសអើង ជាមួយនាយករដ្ឋមន្ត្រីបែល ហ្ស៊ិក លោក Alexander De Croo ។

លោក Eli Cohen រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល បានកោះហៅ ត្រឡប់មកវិញនូវឯកអគ្គរដ្ឋទូតប្រចាំ នៅប្រទេសទាំងពីរភ្លាមៗ ចំពោះអ្វីដែលការិយាល័យរបស់ខ្លួនហៅថា«ការស្តីបន្ទោសដ៏ធ្ងន់ធ្ងរ» ។

លោក Cohen កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា ឯកអគ្គរដ្ឋទូតអេស្ប៉ាញប្រចាំទីក្រុង Tel Aviv នឹងត្រូវរងការស្តីបន្ទោសម្តងទៀតជុំវិញការអះអាង «ដោយកំហឹងក្រេវក្រោដ»និង «គ្មានមូលដ្ឋាន» របស់លោកSanchez ៕